ស្នាដៃ​តែង​និពន្ធរបស់​​​កវី​​និពន្ធ​ជំនាន់​ក្រោយ

« ​​​ដើរ​លក់​​វីតាមីន​ស៊ី​​ទៀត​ហើយ​ឬ?» នាងធ្វើ​មុខ​ធុញ​ទ្រាន់​ដាក់​សង្សារ​ «​​នី​ដើរ​ចែក​ចាយ​​ឲ្យ​ម៉ូយ​​​​ពេញ​​​មួយ​ថ្ងៃ​ហើយ​ ហត់​ខ្លាំង​ណាស់! នី​សុំ​សម្រាក​សិន​ណា​… ចាំ​ថ្ងៃ​ស្អែក​សឹម​ទៅ​ទៀត!»

ស្រស់​ស្រី ​​​អង្វរករ​​សង្សារ​​នៅ​មុខ​រង្គ​សាល​។ ដៃ​តោង​បុរស​ជាប់​ ដូច​កូន​ក្មេង​​កំពុង​អង្វរ​​មនុស្ស​ចាស់​។

វីរៈ​ដក​​ដង្ហើម​ធំ​​​លាន់​សូរ​ឃូរ​ សម្លឹង​មុខ​តូច​តន់​​យ៉ាង​​ទើស​ទាល់​​ «​​កុំ​ក្បាច់​ក្បូរ​ច្រើន​ពេក​​ គិត​ថា​ខ្លួន​ឯងគួរ​ឲ្យ​ស្រលាញ់​ណាស់​ឬ បាន​ជាមាន​សិទ្ធិ​រើស​? យើង​មាន​ការងារ​ឲ្យ​​​ធ្វើ​ក៏​ធ្វើ​ទៅ​ ធំ​ៗ​អស់​ហើយ​​ល្មម​ជួយ​គ្នា​​ធ្វើ​ការ​រក​ស៊ី​បាន​ខ្លះ​​ហើយ!» សម្តី​របស់​គេ​​ខុស​ប្លែក​ពី​ពេល​​ថ្មី​ៗ​ស្រឡះ​។

«​ហេតុ​អី​ក៏​និយាយ​បែប​នេះ​បង​រៈ?» នាង​ងឿង​ឆ្ងល់​ «​មិន​ល្អ​ទេ​ និយាយ​បែប​នេះ​មិន​សុភាព​សោះ!»

«​យើង​​គឺ​បែប​នេះ​ឯង​!» គេ​គំហក​ខ្លាំង​ៗ​គំរាម​ស្រស់​ស្រី​ «​​ប្រញាប់​យក​​ថ្នាំ​​ទៅឲ្យ​ម៉ូយ​​​​ទៅ បើ​មិន​​​​​អ៊ីចឹងជួប​រឿង​ល្អ​មើល​មិន​ខាន!»

«​ជួប​រឿង​ល្អ​មើល​អី?» នាង​ជ្រួញ​ចិញ្ចើម​ធ្វើ​មុខ​ស្អុយ​… គិត​ថា​វីរៈ​​​នឹង​លួង​​។

«​គឺ​​លក់​ខ្លួន​នោះអី! បើ​គ្រាន់​តែ​ជួយ​គ្នា​យក​ថ្នាំ​​ទៅ​​​ឲ្យ​ម៉ូយ​​​ប៉ុណ្ណឹង​មិន​បាន ច្បាស់​ជា​ត្រូវ​​​ទៅ​លក់​ខ្លួន​យក​​លុយ​មក​​ស៊ី​ចាយ​​​ហើយ​!»

«​អ្ហា៎ះ! ម៉េច​ក៏​បង​រៈ​និយាយ​ជាមួយ​នី​បែប​នេះ? នី​ជា​ប្រពន្ធ​របស់​បង​ណ៎ា!» នាង​ស្រឡាំង​កាំង​​កាន់​តែ​ខ្លាំង​… ខ្សែ​ភ្នែកដែល​ធ្លាប់​តែ​ស្រទន់​របស់​គេ​ ត្រលប់​ក្លាយ​ជា​ខ្សែ​ភ្នែក​កោង​កាច។​ ពី​មនុស្ស​ដែល​ធ្លាប់​ល្អ​សែន​ល្អ​ ហេតុ​អ្វី​គេ​និយាយ​បែប​នេះដាក់​នាងកើត?

«​ប្រពន្ធ​ឬ? មនុស្ស​ស្រី​ដូច​នាងគ្មាន​គុណសម្បត្តិ​​ មកធ្វើ​ជាម៉ែ​របស់​កូន​យើង​ទេ!» គេ​ពេបមាត់​ញញឹម​ចំអក​គួរ​ឲ្យ​ខ្លាច​ «​ចាំ​ទុក​​ក្នុង​ខួរ​ក្បាល​របស់​នាង​ទៅ​ ថា សង្គម​តាម​អ៊ីនធើ​ណេត​​​ ជាសង្គម​ដែល​ប្រើ​​ខួរ​​ក្បាល​ ប្រើ​ការ​គិត​​​ ប្រើ​វិចារណញ្ញាណ​… តែ​បើ​ល្ងង់​ដូច​នាង​ ច្បាស់ជាត្រូវ​​គេ​បោក​​បែប​នេះ​ឯង​!»

និយាយ​ចប់ វីរៈក៏​ដើរ​​ចេញ​​វឹង​ពី​ខ្សែ​ភ្នែក​របស់​នាង​។

រជ្ជនី ​​​ស្រឡាំង​កាំង​នឹង​ការ​ប្រែ​ប្រួល​របស់​សង្សារ។ ​​នាង​ចាំ​បាច់​ត្រូវ​តែ​ព្រម​​យក​វីតាមីន​​​​​ស៊ី​ទៅ​ចែក​​ចាយ​បន្ត​ ទោះ​បី​ជា​ហត់​នឿយយ៉ា​ង​ណាក៏​ដោយ​។ ទោះ​​​យ៉ាង​ណា​ក៏​នាង​គ្មាន​ថ្ងៃ​ទៅ​លក់​ខ្លួន​ជា​ដាច់​ខាត​។

…បើ​ទោះ​ជា​នាង​មិន​មែន​ជា កុលស្រ្តី​ដែល​ល្អ​ប៉ុន្មាន​ក៏​ដោយ​ តែ​ក៏​មិន​មែន​​ចេះ​តែ​បណ្តោយ​ខ្លួន​បណ្តោយ​​​ប្រាណ​​​ឲ្យ​ភ្លើត​ភ្លើន​តាម​ ភ្លើង​​ពណ៌​ក្នុង​ទី​ក្រុង​ធំ​​បែប​នេះ​ដែរ​។

***

ប៉ូលីស​ចាប់​ផ្តើម​ផែន​ការ​ ចេញ​ចាប់​ក្រុម​អន្ធពាល​​​នៅ​ក្នុង​រង្គសាល​នេះ ​​ពី​បទ​ឃុំ​ឃាំង​មនុស្ស​និង​​មាន​​​​ការ​ផលិត​ថ្នាំ​យ៉ាបា​…

លោក​ប្រសិទ្ធិ៍​ ដើរ​តា​ម​ផែ​ន​ការ​របស់​ប៉ូលីស​យ៉ាង​​ចិត្ត​ត្រជាក់​… ទោះ​បី​ជា​នៅ​ក្នុង​ចិត្ត​​នឹក​បារម្ភ​ពី​កូន​​ស្រី​ខ្លួន​ឯង​ខ្លាំង​យ៉ាងណា ​ក៏​ខំ​អត់​ទ្រាំ​។

«​ហ៊ឺយ​! ប៉ូលីស​​មក​ហើយ​វ៉ឺយ!!!» វីរៈ​ស្រែក​បង្កូក​ខ្ទរ​រង្គ​សាល ​​នៅ​ពេល​ឃើញ​​ក្រុម​ប៉ូលីស​​សម្រុកចូល​មក​។

រំពេច​នោះ​ ក៏​កើត​មាន​ការ​​ប៉ះ​ទង្គិច​អាវុធ​យ៉ាង​​ខ្លាំង​ក្លា​​ រហូត​ធ្វើ​ឲ្យ​របស់​របរ​​នៅ​ក្នុង​រង្គសាល​ធ្លាក់​បែក​ខ្ចាត់​ខ្ចាយ​​គ្មាន​ សល់​​។ យុវវ័យ​ប្រុស​ស្រី​​ជា​ច្រើន​នាក់​ត្រូវគ្រាប់​កាំ​ភ្លើង​​​ដួល​​​​​ច្រងាប់ ​ច្រងិល​គរ​លើ​គ្នា​​​​ព្រោះ​មិន​បាន​​ប្រុង​ប្រៀប​ខ្លួន​។

វីរៈ​បាញ់​តប​ត​ប៉ូលីស​រហូត​អស់​គ្រាប់​កាំ​ភ្លើង​។ គេ​​ក្រោក​ឆ្លេ​ឆ្លា​រត់​រក​ផ្លូវចេញ​​មិន​បាន​ក៏​យក​ទូរស័ព្ទ​​​ចុច​​ហៅ​ រជ្ជនី​ជា​បន្ទាន់​ «​នី​… អូន​នី​… ជួយ​បង​ផង!»

«​អាឡូ… បង​រៈ​​កើត​អី?… មាន​រឿងអី​កើត​ឡើង​នៅ​រង្គ​សាល​ ហេតុ​អី​ក៏​នី​ឮ​តែ​សំឡេង​​ផ្ទុះ​ផាវ​លាន់​​បែប​នេះ?»

«​​មិន​មែន​ជា​សំឡេង​ផាវ​ទេ​នី… កុំ​ប្រញាប់​និយាយ​អី​​នៅ​ពេល​នេះ​ល្អ​ជាង​… អូន​នី​ត្រូវ​​​ប្រញាប់​​​បើក​​ឡាន​មក​ទទួល​បង​​ នៅ​ច្រក​ចេញ​ខាង​ក្រោយ​​ជា​បន្ទាន់​ណា!!!» គេ​បញ្ជា សំឡេង​​​ដាច់​ខាត​ មុន​នឹង​​ចុច​បិទ​ទូរស័ព្ទ​​។

វីរៈ​រត់​គេច​ពីគ្រាប់​កាំភ្លើង​រហូត​ទៅ​ដល់​ទ្វារ​ក្រោយ​។ គេ​​ភ្ញាក់​ស្ទើរ​តែ​ដាច់​ផ្ងារ​នៅ​ពេល​ឃើញ​​ក្រុម​ប៉ូលីស​កំពុង​​ឈរ​​យាម​ នៅ​ច្រក​​ក្រោយ​ដែរ​ «​ហ៊ឺយ!»។

ប៉ូលីស​រត់​ចូល​មក​ក្រៀក​ដៃ​គេ​​ជាប់​ណែន​ទាំង​សង​ខាង​… ទោះ​បី​​កំលោះ​​ប្រឹង​រើ​បំរះ​​ប្រកែក​​ននៀល​ នឹង​ការ​ចាប់​ខ្ទាស់​របស់​ក្រុម​ប៉ូលីស​យ៉ាង​ណា   ​​ក៏​មិន​អាច​ដោះ​ខ្លួន​បាន​ដែរ​ «​លែង​​យើង​!!!»។

​រជ្ជនី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក​ឡាន​មក​ដល់​ឃើញ​ប៉ូលីស​កំពុង​ចាប់​វីរៈ​ល្មម​​។ នាង​គិត​ថាច្បាស់​ជា​មាន​​រឿង​​យល់​ច្រឡំ​អ្វីម្យ៉ាងជា​មិន​ខាន​​ទើប​រត់​ ចូល​​ទៅ​ស្រែក​​ឡូ​ឡា​​​។

«​លែង​បង​វីរៈ​ឥឡូវ​នេះ​ភ្លាម​​ គាត់​មិន​បាន​ធ្វើ​អីខុស​ទេ!» នាង​​ស្រែក​ដាក់​​ប៉ូលីស​​ ច្រែត​ៗ​។

លោក​ប្រសិទ្ធិ៍​ ដែល​អង្គុយ​​តាម​ដាន​ហេតុ​​ការណ៍​នៅ​ក្នុង​រថយន្ត​ ពេល​ឃើញ​កូន​ស្រី​ខ្លួន​ឯង​លេច​​មុខ​​​​​នៅ​កន្លែង​កើត​ហេតុ​បែបនេះ ​​ក៏​​​ត្រេក​អរ​យ៉ាង​​ខ្លាំង​។ គាត់​បើក​ទ្វារ​​ចេញ​​​​​មក​រត់​សំដៅ​​​រជ្ជនី​ជា​បន្ទាន់​។

«​មិន​ខុស​យ៉ាង​ម៉េច​… អា​រៈ​នេះ​ហើយ​ ជា​មេ​​ក្លោង​របស់​​​ក្រុម​​​ជួញ​ដូរ​​គ្រឿង​ញៀន!» ប៉ូលីស​តប​​សំឡេងធំៗ «​បើ​មិន​ចង់​ជាប់​ពាក់​ព័ន្ធ​ទេ​ ចេញ​ឲ្យ​ឆ្ងាយ​ទៅ​ល្អ​ជាង​ ប៉ា​របស់​ប្អូន​កំពុង​តាម​សួរ​រក​ផង!»

ស្រីតូច​​ភ្ញាក់​ក្រញាង​នៅ​ពេល​ឮ​ប៉ូលីស​រម្លឹក​ដល់​បិតា​របស់​ខ្លួន​។

រំពេច​នោះ​ វីរៈ​​ប្រើ​​កែង​ដៃ​ស៊ក​ប៉ូលីស​ទាំង​ពីរ​នាក់​ដាច់​ផ្ងារ​​តូង​​… មុន​នឹងដណ្តើម​កាំ​ភ្លើង​ពី​ប៉ូលីស​​​យ៉ាងទាន់​ហន់​។

រជ្ជនី​មិន​ទាន់​បាន​ប្រុង​ប្រៀប​ខ្លួន​ក៏​ត្រូវ​វីរៈ​ចាប់​យក​ធ្វើជា​ចំណាត់​ខ្មាំង​។

បុរស​ជា​ឪពុក​ស្រឡាំង​កាំង​ព្រួយ​បារម្ភ​ពី​កូន​ស្រី​ «​កូន​នី!!…»

«​ប៉ា!» នាង​សម្លឹង​មុខ​បិតា​យ៉ាង​ភ្ញាក់​ផ្អើល​ មុន​នឹង​តាំង​ស្មារតី​ងាក​មក​សម្លឹង​​មុខ​​វីរៈ​ដែល​កំពុង​ឈរ​​ភ្ជង់​កាំ​ ភ្លើង​នាង​ពី​ក្រោយ​ «​បង​រៈ តើ​​រឿង​វា​​យ៉ាង​ម៉េច​?» នាង​សួរ​​សំឡេង​ញ័រ​។

«​បិទ​មាត់​ទៅ! ហើយ​ចាំ​ធ្វើ​តាម​បញ្ជា​របស់​យើង​!» គេ​គំរាម​នាងសំឡេង​មាំ​។

លោក​ប្រសិទ្ធិ៍​ ​ទ្រាំ​ឈរ​សម្លឹង​មើល​កូន​ស្រី​ខ្លួន​ឯង​ ត្រូវ​គេ​ចាប់​ធ្វើ​ចំណាត់​ខ្មាំង​មិ​ន​បាន​… ក៏​រើស​យក​ដំបង​ឈើ​នៅ​លើ​ដី​រត់​សំដៅ​​ចូល​ទៅ​ជួយ​​ដោយ​មិន​គិត​ពី​ជីវិត​ ខ្លួន​ឯង​។

វីរៈ ​ឃើញ​មាន​មនុស្ស​រត់​​សំដៅ​ចូល​មក​បម្រុង​​ចាត់​ការ​​ខ្លួន ក៏​​បាញ់​តម្រង់​ក្បាល​​ពោះ​លោក​ប្រសិទ្ធិ៍​ ​មួយ​រំពេច​។

នៅ​ចំពោះ​មុខ​កូន​ស្រី​បែប​នេះ​ តើ​នាង​អាច​ទទួល​បាន​ទេ?

រជ្ជនី​បំរះ​ខ្លួន​ចេញ​ រត់​សំដៅ​ទៅ​រក​ឪពុក​ខ្លួន​​​យ៉ាង​រហ័ស​ «​លោក​ប៉ា!»

នៅ​ពេល​វីរៈ​អស់​ចំណាត់​ខ្មាំង​​ ប៉ូលីស​ក៏​បាញ់​សំឡេះ​វីរៈ​មួយ​រំពេច… គេ​ដួល​ខ្ពោក​ទៅ​​លើ​ដី​។

តរុណី​នៅ​ក្នុង​ហេតុ​ការណ៍​​ យំ​​​អណ្តឺត​អណ្តក​ដោយ​ក្តី​ឈឺ​ចាប់​… នាង​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង​ដែល​ខ្លួន​ឯង​ជា​ដើមហេតុ​ធ្វើ​ឲ្យ​ឪពុក​ ត្រូវ​គ្រាប់​នៅ​ថ្ងៃ​នេះ​។

«​លោក​ប៉ា… លោក​ប៉ា​កុំ​កើត​អី​ណា​… នី​នៅ​ទីនេះ​​ហើយ! នី​សុំ​ទោស​សម្រាប់​រឿង​គ្រប់​យ៉ាង​… នី​ទើប​តែ​ដឹង​ថា ប៉ា​ស្រលាញ់​កូន​​ខ្លាំង​ប៉ុណ្ណា… ប៉ា​រត់​​ចូល​មក​ជួយ​នី​​​ដោយ​មិន​ខ្លាច​អ្វី​សោះ​​!» នាង​ខ្សឹក​ខ្សួល​។

«​កុំ​បន្ទោស​ខ្លួន​ឯង​អី​កូន​… កុំ​យំ​…» គាត់​ជូត​ទឹក​ភ្នែក​ឲ្យ​កូន​ស្រី​ដោយ​ក្តី​ស្រលាញ់​ «​កូន​មិន​ខុស​​​​​ទេ… ប៉ា​ខុស​ដោយ​ខ្លួន​ឯង​ដែល​មើល​មិ​នឃើញ​​លក្ខណៈ​ពិសេស​របស់​កូន​! ប៉ា​ខុស​ដោយ​ខ្លួន​ឯង​ ដែល​​តែង​តែ​ធ្វើ​ឲ្យ​កូន​ឈឺ​ចិត្ត​រហូត​មក​​… ប៉ា​ខុស​ដោយ​ខ្លួន​ឯង​ដែល​ចិញ្ចឹម​​កូន​ខុស​ទាំង​ងងឹត​ងងុល​…» សំឡេង​ស្អក​ដាច់​ៗ ​ប្រឹងនិយាយ​ចេញ​​ពី​បំពង់​ក ​របស់​​បុរស​ជា​ឪពុក​។

«​លោក​ប៉ា​… កូន​ស្រលាញ់​លោក​ប៉ា​ណា​… កូន​ទទួល​ស្គាល់​ថា កូន​ជា​ក្មេង​រឹង​រូស​ក្បាល​​រឹង ការ​រៀន​សូត្រ​ខ្សោយ!​ នី​សន្យា​ថា ​នី​​ត្រូវ​តែ​​ល្អ​ជាង​នេះ​ឲ្យ​បាន​… សុំ​ត្រឹម​តែ​ប៉ា​នៅ​ជាមួយ​កូន​ណា!» នាង​ក្រសោប​បិតា​យ៉ាង​ណែន​ ដៃ​ក្តោប​ដៃ​គ្នា​​ទៅ​វិញ​ទៅ​មក​យ៉ាង​កក់ក្តៅ​។

«​ប៉ា​ក៏​ស្រលាញ់​​​កូន​ដែរ​ កុំ​កង្វល់​អី​ ប៉ា​គង់​តែ​នឹងជា​ទេ​… កុំ​យំ​អី​កូន​ស្រី​ប៉ា​!» គាត់​ព្យាយាម​ញញឹម​ដាក់​កូន​ «​ប៉ា​ធ្លាប់​គិត​ថា​ ការ​ដែល​ប៉ា​​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ ស្រវា​ចាប់​យក​​មុខ​តំណែង​​ធំៗ​មក​ទុក​… អ្វី​ទាំងអស់​នោះ​ប៉ា​ធ្វើ​ដើម្បី​កូន​ ដើម្បី​គ្រួសារ​… ​តែ​​ប៉ា​មិន​ធ្លាប់​សួរ​កូន​សោះ​ថា កូន​ត្រូវ​ការ​វា​ឬ​អត់​?»

«​កុំ​​ខំ​និយាយ​អី​លោក​ប៉ា​…»

«​ឲ្យ​ប៉ា​បាន​និយាយ​ជា​លើក​ចុង​ក្រោយ​ចុះ!» គាត់​​ឈឺ​ចុក​ចាប់​ពេញ​មុខ​​របួស​ តែ​ក៏​ព្យាយាម​​អត់​ទ្រាំ​​ការ​ឈឺ​ចាប់​នោះ​មិន​ឲ្យ​កូន​ឃើញ​ «​​ប៉ា​សុំ​ទោស… ​ដែល​ចូលចិត្ត​និយាយ​ថា កូន​គ្មាន​លក្ខណៈ​ជា​កុល​ស្ត្រី​… តែ​ពេល​នេះ​ប៉ា​ដឹង​ហើយ​ថា អ្វី​ដែល​ប៉ា​និយាយ​នោះ​ខុស​ស្រឡះ​… កូន​មាន​លក្ខណៈ​ជា​កុល​ស្ត្រី​​ច្រើន​ណាស់ ច្រើន​ជាង​ប៉ា​គិត​ទុក​ទៅ​ទៀត!​ ពេល​នេះ​កូន​បាន​ពិសោធន៍​ឲ្យ​ប៉ា​ឃើញ​ហើយ… ថា​ភាព​ជា​កុល​ស្ត្រី​នោះ​គឺ​ស្ថិត​​នៅ​លើ​​​ចិត្ត!​ ​ន័យ​​ពិត​របស់​ពាក្យថា​កុល​ស្ត្រី​… ​​មិន​មែន​សម្តែង​ចេញ​​តែ​សម្បក​​ក្រៅ​ទេ!» គាត់​ញញឹម​ដាក់​កូន​ស្រី​ខ្លួន​ឯង​​​ ដោយ​ក្តី​ស្រលាញ់ដែល​ពេញ​ប្រៀប «​នី​… ប៉ា​ស្រលាញ់​​​កូន​ខ្លាំងណាស់!»

និយាយ​ចប់​ លោក​ប្រសិទ្ធិ៍​ ក៏​​ផុត​ដង្ហើម​​ក្នុង​​រង្វង់​ដៃ​របស់​កូន​ស្រី​។ ភាព​កក់​ក្តៅ​ដែល​នាង​បាន​ទទួល​នៅ​ពេល​នេះ​ គង់​​ជា​លើក​ចុង​ក្រោយ​​នៃ​ជីវិត​​របស់​នាង​ហើយ។

រ​យៈ​ពេល​កន្លង​មក​ រជ្ជនី​ជា​ក្មេងស្រី​ដែល​កំព្រា​ម្តាយ ទើប​ភាព​ជាកុល​ស្ត្រី​របស់​នាង​​មិន​បាន​ទទួល​ការ​បង្ហាត់​បង្ហាញ ​​ឲ្យ​​សម្តែង​ចេញ​មក​ដោយ​ត្រង់​ដូច​ក្មេង​​​ផ្សេង​ៗ​ទៀត​។ តែ​ទោះ​បី​ជា​នាងមិន​​បាន​​​ទទួល​ការ​ចិញ្ចឹម​បី​បាច់ល្អ​​ដួច​គេ​ឯង​ ក៏​នាង​​អាច​ទទួល​​ដឹង​ខ្លះ​ៗ​​នូវ​សេចក្តី​ស្រលាញ់​​ដែល​ឪពុក​ខ្លួន​បញ្ជូន ​មក​​ឲ្យ​តាម​រយៈ​ខ្សែភ្នែក​ដែរ​… នាង​ទើប​តែ​ដឹង​នៅ​ថ្ងៃ​ចុង​ក្រោយ!

… ថ្ងៃ​ដែល​​គ្មាន​​ការ​ឈ្លោះ​គ្នា​នៅ​ក្នុង​គ្រួសារ​។

… ថ្ងៃ​ដែល​មាន​តែ​សេចក្តី​ស្រលាញ់​… ថ្ងៃ​ដែល​មាន​តែ​ការ​យល់​ចិត្ត​គ្នា​។

… ទម្រាំ​តែ​ដល់​ថ្ងៃ​នេះ​… នរណា​ទៅ​ដឹង​ថា វា​ជា​ថ្ងៃ​ចុង​ក្រោយ…

              ០១ឧសភា២០១១

Comments on: "កុល​ធី​តា​ផ្កា​រោយ​(៥ចប់)" (1)

  1. Your writing made me crying.

បញ្ចេញមតិ