ស្នាដៃ​តែង​និពន្ធរបស់​​​កវី​​និពន្ធ​ជំនាន់​ក្រោយ

នៅមុខវត្តបទុមវតី មាន​អ្នកដើរហាត់ប្រាណ អ្នកលក់នំចំណីអាហារ អ្នកសូមទាន ក្មេង​តូច​ខ្លះ​រុញ-ខ្លះ​យួរ​​ធុង​ទឹក​សុទ្ធ ដើរ​ចុះ​ឡើងទៅមកឥតដាច់រយៈ។ ក្រោមដើមពោធិ៍​ខ្យល់ជំនោរត្រជាក់ នា​សិសិររដូវ បាន​បក់​មក​ប្រលែង​លេង​​រំពើតរំពើន​នឹង​ដង​ខ្លួន​ប្រាណ​របស់ខ្ញុំ សក់​របស់​ខ្ញុំបានពត់​ពេន​អែន​អន​ទៅតាម​កម្លាំង​ខ្យល់ ដៃទាំង​គូ​របស់​ខ្ញុំ​​កំពុង​ក្រសោប​វណ្ណកម្ម «តំណែងស្នេហ៍រាជិនី» ដែល​ជា​ពន្លក​ស្នា​ដៃ​ដ៏ក្មេងខ្ចីរបស់ខ្ញុំ។

ខ្ញុំបង្វិលមកក្រប​ខ្នង​សៀវភៅ​ មានសរសេរ​អក្សរ​​ថា៖

«សេចក្តី​ស្រឡាញ់​ជា​អ្វី? ជាស្នេហា ? ជាការលះបង់? លះបង់អ្វី? ពេលវេលា និង អាយុ ជីវិត ?​… ជួន​កាល  យើងស្រឡាញ់ គេ តែ គេមិនស្រឡាញ់យើងវិញ មានពេលខ្លះ គេ ស្រឡាញ់ យើង ប៉ុន្តែ យើង​ពុំ​ស្រឡាញ់ គេវិញក៏មាន ។

សេចក្តីស្រឡាញ់ គឺចង់ឲ្យ  មនុស្ស ដែល យើងស្រឡាញ់ទទួល បាននូវសេចក្តីសុខ ទោះបី ជា គេមាន ក្តីសុខ ជា មួយបុគ្គល ទី៣ ក៏យើង នៅតែ ស្រឡាញ់ គេដែរបើ យើង ស្រឡាញ់ គេ ពិតប្រាកដ មែន យើង​គ្មាន​សិទ្ធិ បៀតបៀន គេថែម ទៀតបើមិនដូច្នេះ មានន័យ ថាយើង ពុំ ស្រឡាញ់ គេពិតនោះទេ។

គ្រប់អ្វី ទាំងអស់ របស់ មនុស្ស ដែល យើងស្រឡាញ់មាន​ គឺជាទី ស្រឡាញ់ របស់យើង។ អំពើល្អ របស់គេ គួរឱ្យសរសើរ និងគោរ ស្រឡាញ់ ឯអំពី អាក្រក់ របស់ គេ​នោះ​ គឺ​គួរ​ឱ្យ​អាណិត អាសូរ​ និង​ចង់​ជួយ​កែប្រែ។

យើងស្រឡាញ់ នរណាម្នាក់ មិន សង្ឃឹម រំពឹងថា ចង់បានអ្វី ពីគេមកវិញ ឬចង់ផ្តល់ អ្វីឱ្យ គេ នោះ ក៏ ទេ ដែរ គឺចង់មាន ន័យ ថា បន្ទាប់ ពីយើងទាំងពីរជួបជុំគ្នា អ្វីៗត្រូវបានផ្លាស់ប្តូរ ចំណុចទន់ ខ្សោយ​ខ្វះ​ខាត​នឹង ត្រូវ បាន កែ ប្រែ បំពេញ ឱ្យបានល្អប្រសើរឡើង ។

ជីវិតរបស់អ្នករស់នៅមិនយូរប៉ុន្មានទេចូរស្រឡាញ់មនុស្ស ដែលស្រឡាញ់អ្នក។ សូម ចង ចាំ ថា ជីវិតរបស់អ្នក មិន ប៉ុន្មានយូរនោះទេ តើអ្នក មានពេលវេលាឯណា ទៅ ស្រឡាញ់ មនុស្ស ដែល មិន​ស្រឡាញ់​អ្នកនោះ?…»

ខ្ញុំបិទសៀវភៅដាក់ចុះលើបង់ ក្បែរគំនរសៀវភៅជាច្រើនក្បាល ដែលខ្ញុំទើបនឹងទិញ ហើយ​ក្រោ​ក​​​​ឈរ​​តម្រង់​​ខ្លួន​ សម្លឹង​ឆ្ពោះ​ទៅ​ទិសខាងកើត ជា​ត្រើយម្ខាង​នៃសេចក្តី​សង្ឃឹមដ៏វែងឆ្ងាយ… អារម្មណ៍​​របស់​​ខ្ញុំ​ស្រមៃ​វិលវល់ក្នុង​ផ្នូរ​អនុស្សាវរីយ៍​នៃយុវភាព​ ដ៏ស្រស់​ត្រកាល…។

ស្នូរកណ្តឹងរោទិ៍នៅវិទ្យាល័យ បញ្ជាក់ថាជាសញ្ញាចេញលេង…

សិស្សានុសិស្សទាំងឡាយ រូតរះស្ទុះដើរចេញក្រៅថា្នក់តម្រង់ទៅតូបលក់ចំណីអាហារ។ ក្នុង​ថា្នក់​​ទី​១២​​​ពិសេស​សម្រាប់​សិស្ស​ពូកែ នៅ​សល់​តែ​សិស្សមិនដល់ប្រាំនាក់ផង ដែលនៅអង្គុយជជែក​គ្នា​ពី​​មេរៀន​​ត្រង់​ចំណុច ​​ដែលពួក​គេ​​មិន​បានយល់​ច្បាស់ កាល​ពី​​ម៉ោ​ងមុននេះ។

រតនៈមិត្តរបស់ខ្ញុំអង្គុយ​ក្បែររាជិនី​ ជជែក​គ្នាពី​នេះ​ពី​នោះ​​មិនដាច់សូរ… ខ្ញុំអង្គុយ​នៅ​តុ​ខាង​ក្រោយ មិន​មាននរណា​និយាយ​រក​​សោះ។​ គ្មាន​អីក្រៅ​ពីដក​ដង្ហើម​ធំចំហ​មាត់​ដក-ក​ស្ដាប់​ពួក​គេទាំងពីរ​នាក់ ​ពិគ្រោះ​គ្នា​នោះ​ទេ… យូរៗម្ដងគេ​និយាយ​ចូល​ដល់​រឿង ​ដែល​ពាក់​​ព័ន្ធ​​នឹង​ខ្ញុំ​ ទើប​គេ​​ងាក​មក​សើច​ដាក់ខ្ញុំម្តងៗ…។

យើងទាំងបីនាក់​សុទ្ធតែមានចំណាត់ថា្នក់ប្រដំប្រសងគ្នា ក្នុងតារាង​កិត្តិយស​រៀងរាល់ខែ និង​​បំ​ណាច់​​ឆ្នាំ តាំង​តែ​​ពី​ថ្នាក់​ទី១១​មក​ម្ល៉េះ! ខ្ញុំនិងរតនៈបានស្គាល់គ្នាមកយូរហើយ ព្រោះផ្ទះយើងនៅ​ជិត​គ្នា។ យើង​ជិះ​កង់​​ទៅ​មក​ជា​មួយ​គ្នា​។ ពេល​កង់​របស់ខ្ញុំខូច រតនៈ​ជួយ​ឌុបខ្ញុំទៅរៀន ហើយដល់​ពេល​កង់​របស់​រតនៈ​បែក ខ្ញុំមាន​នាទី​​ជា​អ្នក​ឌុបរតនៈ​​​ទៅ​សាលា​វិញ​ម្តង។

ឆ្នាំនេះ ឪពុកម្តាយរបស់រតនៈទិញម៉ូតូយ៉ាងទំនើបឲ្យគេ ដើម្បីជាការលើកទឹកចិត្តក្នុង​ការ​សិក្សា​ឆ្នាំ​ប្រឡង។ រតនៈ​បាន​យក​ម៉ូតូ​មកឌុបខ្ញុំទៅរៀនរាល់ពេល។ ខ្ញុំចេះខ្លាចក្រែងចិត្តរតនៈ​ដែរ តែ​រតនៈ​​ថា​មិន​អ្វី​ទេ​តែ​រហូត។ យូរៗទៅ យើង​កាន់​តែ​រឹត​ចំណង​មិត្ត​ភាព​ជាមួយ​គ្នា​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត។ យើង​ទៅ​សា​លា ទៅ​បណ្ណាគារ ទៅ​បណ្ណា​ល័យ​ជា​​មួយ​គ្នា ដើម្បីទិញសៀវភៅ អាន​សៀវ​ភៅ​​ទាក់​ទង​កម្ម​វិធី​សិក្សា តែ​ពីរ​នាក់​រហូត។ យើងទាំងពីរ​នាក់​ស្រឡាញ់​រាប់​អាន​គ្នា​ចាក់​ទឹ​កមិនលេច រហូត​ដល់​មិត្ត​ភក្តិ​រួម​ថ្នាក់​បង្អាប់​​ឲ្យ​យើង​ថា​ ជាហ្គេយ៍(ប្រុសស្រឡញ់ប្រុស) ថាជា​ប្ដី​​ប្រពន្ធនឹងគ្នា… ពេលរៀន​ចប់​រៀប​ការ​​ជាមួយគា្ន​តែ​ម្តង​ទៅ!​ ពួកយើង​ហួស​ចិត្ត​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ​មិន​រួច​។

រតនៈ​ និង​ខ្ញុំជាមនុស្សចូលចិត្តកសាងអនុស្សាវវីយ៍ណាស់​។ ពីរនាក់យើងនេះ ជាអ្នក​ស្រឡាញ់​​អនុ​ស្សាវវីយ៍ ស្លាប់​​ក្នុង​មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ… សូម្បីតែ​ចេញ​ណាក៏​ដោយ​ ក៏​យើង​គិត​ដល់​ការ​កសាង​បង្ក​​មនោ​សញ្ចេតនា​អនុស្សា​វវីយ៍​ដែរ។ ជាពិសេសទៀត​នោះ​ យើងសុទ្ធ​តែជ្រើសរើសថ្ងៃ​សម្រាប់​​ទិញ​សៀវភៅ។ យើង​ទៅបណ្ណាគារ​ និងផ្សារ​សម្រាប់​ទិញ​សៀវភៅ​ ភាគ​ច្រើនតែ​ក្នុង​ថ្ងៃ​ពិសេសទេ។ ផុត​ពី​ថ្ងៃ​ពិសេស យើង​កម្រ​ទិញ​ណាស់ ប្រសិន​បើ​ទិញ​ក៏​ទិញ​តិចតួច​ដែរ ​ហើយទាល់​តែ​សៀវភៅ​នោះ​ចាំបាច់​ទៀត ទើប​យើង​សម្រេច​ចិត្ត​ទិញ​។ ថ្ងៃពិសេសខ្លះ ពួក​យើង​អត់​មាន​លុយ​សម្រាប់​រក​ទិញ​សៀវ​ភៅ​ទេ តែ​យើង​ខិត​ខំ​​ធ្វើ​យ៉ាង​ណា​រក​ប្រាក់​ឲ្យបាន ដើម្បីទិញ​សៀវភៅ ​ទោះ​បី​ត្រូវ​អត់​បាយ​ថ្ងៃ​ត្រង់ ក៏​យើង​ត្រូ​វទិញ​ឲ្យបា​ន​ខ្លះ​ដែរ ។

តួយ៉ាងឆ្នាំមុននេះ ថ្ងៃទី១៤កុម្ភៈ២០០៨ យើងជិះកង់ទៅបណ្ណាគារតាំងព្រលឹម ស្រប​ពេល​​នឹង​យុវជន​ជា​​ច្រើន​ចេញ​ម៉ូតូ ឡាន​ឌុបសង្សារដើរលេងកម្សាន្ត ក្រេបរសជាតិស្នេហា​នា​យុវភាព​ដ៏​ស្រស់​បំព្រង​របស់​ពួក​គេ។ ពួក​យើង​ផ្ញើ​កង់​​រួច​រាល់ហើយ ក៏​តម្រង់​ជើង​ឈាន​ចូល​បណ្ណាគារ ដែល​ផ្ទុក​ទៅ​ដោយ​សៀវភៅ​រាប់​រយ​ពាន់​ក្បាល​​ និងប្រដាប់ដោយ​ម៉ាស៊ីន​ត្រជាក់​ទៀត​ផង​ ។

«តោះរតនៈ! ឡើងលើ! ទៅ​ជាន់សៀវភៅប្រលោមលោក តែម្តងទៅកុំឲ្យយូរការ!» ខ្ញុំនិយាយ​ទៅ​មិត្ត​សម្លាញ់​របស់ខ្ញុំ។

«ជីវិនឯង! ពិតជាងប់ងល់នឹងប្រលោមលោកមែនទែន​ហើយ រក​ទិញ​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​​មើល៍​ខ្លះ​ទៅ! ប្រឡង​មិន​មែ​នចេញ​មេរៀន​ប្រលោម​លោក​ឯង​នេះ​ទេ​!» រតនៈ​តប​សង្កត់​ចិត្ត​ដ៏​ពុះ​កញ្រ្ជោល​​របស់ខ្ញុំ។ ខ្ញុំក៏និយាយ​ចំអក​លេងសើច​ជាមួយ​នឹង​រតនៈ​ថា​៖

«គ្នាយល់ហើយ! អរគុណ​ចំពោះ​អនុសាសន៍​របស់​លោក​គ្រូ! លោក​សាស្រ្តាចារ្យ​មហា​បរិញ្ញា​អើយ! អ្នក​វិភាគ​​ខាង​សង្គម​សាស្រ្ត​ និង​ចិត្ត​សាស្រ្ត! គ្នា​ក្រែង​តែ… ដល់វិភាគខ្លាំងពេកទៅ វិភាគ​ដល់​សិច​​សាស្រ្ត​ និង​តណ្ហា​សាស្រ្ត​ទៀតទេ! ឯង​នេះ!»

«ចំមែនឯងនេះ! តោះទៅក៏ទៅដែរ!» រតនៈតប​យល់​ព្រម​ឡើង​លើ ជាន់​ដាក់សៀវភៅ​ប្រលោម​​​​​លោក​ជា​មួយ​ខ្ញុំ​។ យើង​ដើរ​រើសយក​​សៀវភៅតាមការគ្រោងទុកក្នុងក្រដាស ដែលយើង​បាន​កត់​​ទុក​ជា​ស្រេច​នូវចំណង​ជើង​​សៀវ​ភៅ​ដែល​ត្រូវទិញ។ យើង​គិត​តែ​ដើរ​សម្លឹង​សៀវ​ភៅ ដែល​យើង​ត្រូវ​ការ ដោយ​មិន​បាន​ចាប់​អារម្មណ៍​នរណា​ទាំង​អស់​ដែល​នៅ​ក្នុងបន្ទប់ដ៏ធំនោះ។ ខ្ញុំ​ឈានទៅមុខមិនរួច ព្រោះ​​ត្រូវ​ស្ទះ​​ដោយ​នារី​ស្លៀក​ពាក់​សម​រម្យ​ម្នាក់​ កំពុង​បើក​ទំព័រ​សៀវ​ភៅ​ប្រលោម​​លោក​មនោ​​សញ្ចេត​នា​មួយ​ក្បាល។ ខ្ញុំ​ងើប​មើលមុខ​នាង ​ដើម្បី​សុំ​ផ្លូវ ស្រាប់តែ៖

«ហ៎ះអ្ហា​… ជីវិនមកទិញសៀវភៅដែរ! »

សំឡេងរបស់រាជិ​នីស្រួយស្រេះដូចរគាំងមាសឧទាន​មក​កាន់​ខ្ញុំ​។

«បាទ! ចុះរាជិនីមកយូរហើយ? រកបានសៀវភៅអ្វីខ្លះហើយហ្នឹង!»

«ទើបតែមកដល់មុននេះបន្តិចទេ…  អូ! រតនៈមកដែរ! ពិសេសមែនណ៎!»​ នាង​ភ្ញាក់​ពេល​ឃើញ​​វត្តមាន​របស់​រតនៈ​ ដែល​នៅ​ខាង​ក្រោយ​ខ្ញុំ​។

«ហ្នឹងហើយ… រាជិនីមកតែម្នាក់ឯងទេ? មិនបបួលមិត្តដទៃទៀតមកជាមួយផងទេ?» រតនៈ​តប​ ដោយ​ឆ្លៀត​សួរ​បន្ថែម។

«គេដើរលេងជាមួយមិត្តភក្តិគេបាត់អស់ហើយ។ រតនៈអត់ដឹងទេ ថ្ងៃ​នេះ​ជា​ថ្ងៃពិសេស​ណា​!​» នាង​និយាយ​​ទាំង​ញញឹម​ប៉ព្រាយ។

«ដឹង! ថីមិនដឹងនោះ! មកពីថ្ងៃនេះ ជាថ្ងៃពិសេស ទើបមកបណ្ណាគារហ្នឹងណា!» រតនៈ​ឆ្លើយ​វិញ​យ៉ាង​​រហ័ស។

ស្ដាប់គេ​សន្ទនា​គ្នាយូរគ្រាន់ដែរហើយ ខ្ញុំក៏លូកមាត់៖

«និយាយអ៊ីចឹង! រាជិនីមានបានទទួលផ្កាកុលាបពីមនុស្ស​ពិសេសណាម្នាក់នៅ សម្រាប់​ថ្ងៃ​ពិសេស​​ដូច្នេះ បាន​ជា​មក​រក​ទិញ​សៀវ​ភៅតែម្នាក់ឯង?»

«មិនមានទេ បានតែពាក្យជូនពរពីស្រុកបារាំង…» នាងយកដៃខ្ទប់មាត់ ហាក់ដូចជា​មិន​ចង់​ប្រាប់​ រួច​​​និយាយ​​បន្តបង្វែរ​សាច់​រឿង «ហើយ​​​នែ​!​ ថ្ងៃ​ពិសេស​ៗ​ដូចជា ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​នេះ​ជា​ដើម ខ្ញុំ​ចូល​ចិត្ត​​រក​ទិញ​សៀវ​ភៅ​​​ទុកជា​អនុស្សា​វ​រីយ៍​​វិញ​ ល្អ​ប្រសើរ​​ជាង​បាច់​ផ្កា​កុលាប រកអី​កាត់​ថ្លៃ​ពុំ​បានទេ! ខ្ញុំ​ស្រឡាញ់​ថ្ងៃ​ពិសេស… ខ្ញុំចូល​ចិត្ត​ថ្ងៃ​ល្អ​ៗ ព្រោះខ្ញុំមានឱកាស​ចេញ​ដើរ​ទិញ​សៀវ​ភៅ​…»

នាងនិយាយមិនទាន់ចប់ស្រួលបួលផង រតនៈ​កាត់៖

«អូ! ដូចគ្នាម្ល៉េះ! »

«រាជិនីចូលចិត្តទិញសៀវភៅក្នុងថ្ងៃពិសេសដែរ? រតនៈនិងខ្ញុំឲ្យតែថ្ងៃណា រៀងលេខល្អ ឬថ្ងៃ​បុណ្យ​​​ជាតិ ទិវា​អន្តរ​​ជាតិ​នានា យើង​​តែងនាំគ្នាមកទិញសៀវភៅរាល់លើក! មិនដឹង​ស្មាន​ថា ​មាន​រាជិនី​ម្នាក់​​ទៀត ​ដែល​ចូល​ចិត្ត​រកទិញ​សៀវភៅនៅ​ថ្ងៃ​ពិសេស​ដែរ​សោះ​​! ពិត​ជា​មាននិស្ស័យមែន!»

ខ្ញុំនិយាយចប់ យើងសើចរួមគ្នាតិចៗ ។

«អ៊ីចឹង! តោះយើងរកសៀវភៅទៅកុំឲ្យថ្ងៃទាន់ ព្រោះយើងប្រញាប់ទៅបណ្ណាគារ​ផ្សេង​ទៀត រក​ឲ្យ​បាន​ច្រើន​​សម្រាប់​ថ្ងៃ​ពិសេស ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់…»

រតនៈរំលឹកពួកយើងទាំងអស់គ្នា ឲ្យរកសៀវភៅ​ទៅតាមសេចក្ដីប្រាថ្នា។ កុំនៅ​ជជែកគា្ន​ច្រើន​នាំ​​ឲ្យ​ខាត​​​ពេល​ច្រើន ព្រោះ​យើង​​ត្រូវចូលបណ្ណាគារដទៃផ្សេងទៀត។

ខ្ញុំដើររកសៀវភៅ«ស្ដាយ» របស់​លោក ខូតារាប្ញទ្ធិ ដែល ​​ខ្ញុំ​បាន​អាន​ចប់​ក្នុង​​បណ្ណា​ល័យ​ចំនួន​ពីរ​លើក​មកហើយ តែខ្ញុំមិនទាន់​ទិញ​ទេ ​ទុក​ចាំ​ដល់ថ្ងៃ១៤​កុម្ភៈ​សិន​ទើប​ខ្ញុំ​ទិញ។ ការ​ទន្ទឹង​រង់​ចាំ​របស់​ខ្ញុំ​​បាន​មកដល់ ខ្ញុំយកសៀវភៅ «ស្ដាយ» ពីរក្បាល សៀវភៅ«ប្រវត្តិសាស្ត្រខ្មែរ» ត្រឹង-ងា កំណាព្យ​របស់​​លោក  យិនលួត គយ-សារុន និង សៀវ​ភៅ​ប្រលោម​លោក​បែប​ចារ​កម្ម​ស៊ើប​អង្កេត​របស់​លោក វង់​-ផឿង ព្រមទាំង​សៀវ​ភៅសិក្សា​កថា និង​ប្រលោម​លោក​​របស់​លោក​ វ៉ាន់ឌីកាអុន សុទ្ធ-ប៉ូលីន ជា​ដើម សរុប​ទៅ​ជាង​១០​ក្បាល។ រួចខ្ញុំក៏ដើរតម្រង់មករាជិនី៖

«រាជិនី! បានអានរឿង«ស្ដាយ» នេះឬនៅ? ល្អណាស់ណា! ខ្ញុំអានចប់ពីរដងហើយ!»

«អូ! ខ្ញុំកំពុងតែចង់រកផង! មិត្តភក្តិរបស់ខ្ញុំប្រាប់ថាល្អមើល! តម្លៃអប់រំល្អខ្លាំងណាស់! នៅ​ទូ​​មួយ​ណា​? ខ្ញុំទៅ​រក​មួយ​ក្បាល​ដែរ…​»

«មិនចំបាច់ទេ! ​ខ្ញុំយកពីរមកហើយតើ! ចាំខ្ញុំទិញជូនមួយសម្រាប់ទុក​ជាអនុស្សាវរីយ៍​ថ្ងៃ​ពិសេស​ចុះ​ណា!»

«តែ…»

«កុំទើសទាល់អី! យើងមិត្តភក្តិរួមថា្នក់នឹងគា្នទេ​តើ! “ធម្មទានឈ្នះ អស់ទានទាំងពួង” ណា!»

« អ៊ីចឹង! យល់ព្រម… ខ្ញុំដូរជីវិនមួយវិញ នេះសៀវភៅប្រលោមលោក«កុលាបមួយទង» របស់​លោក​ គង់រង្សី »

«ប្រសើរ​ណាស់អ៊ីចឹង! ខ្ញុំ​ជឿ​ថា​បន្ទាប់​ពីរាជិនី​អានចប់ នឹងយល់កាន់តែច្បាស់ពី ថ្ងៃបុណ្យ​នៃ​សេចក្ដី ស្រឡាញ់ ដែល​យុវ​ជនខ្មែរ​មួយ​ចំនួន ភើ្លតភ្លើន​​យល់​ច្រឡំ​ថា​ជា«ថ្ងៃបុណ្យសង្សារ» ហើយ​ប្រព្រឹត្ត​​អំពើមិន​គប្បី​​ផ្សេងៗ​ ដែល​បណ្តាល​​ឱ្យល្អក់កករ​ដល់​ប្រពៃ​ណីជាតិ… ហើយ​​ចំពោះ​រឿង​«កុលាបមួយទង»នេះ ទោះបី​ជាខ្ញុំ​អាន​ចប់​ទៅ​ហើយ​ក៏​ដោយ ក៏ខ្ញុំត្រូវតែ​រក្សា​ទុក​យ៉ាងស្អាត​ ព្រមទាំង​អ៊ុត​គម្រប​​ប្លាស្ទីក​​ជា​មួយ​រឿង​«ស្ដាយ» ដែល​ខ្ញុំទិញនេះដែរ តែ​ខ្ញុំចង់​ឱ្យរាជិនី​ជួយ​ចារ​នៅ​​ទំព័រទី​មួយ​បន្តិច​​ថា​ ឱ្យ​មកខ្ញុំ! បានទេ?»

«មិនថ្វីទេ ប៉ុន្តែជីវិនក៏ត្រូវ​សរសេរឱ្យខ្ញុំវិញដែរ!»

ខ្ញុំដកប៊ិក​ចេញពីហៅប៉ៅ ហើយសរសេរនៅទំព័រ​ទីមួយនៃរឿង«ស្ដាយ»ថា «ជូនរាជិនី ថ្ងៃ១៤ កុម្ភៈ​២០០៩ ពេលព្រឹក នៅ​បណ្ណាគារពីយុវមិត្តជីវិន» សរសេររួចយើងប្រគល់​ជូនគ្នា​ទៅវិញ​ទៅ​មក​​ហើយ​ ​នាង​ក៏​លា​ពួកយើង​ទៅ​គិតលុយ​ ហើយ​​ទៅផ្ទះមុន​បាត់​ទៅ។

ខ្ញុំឈរឱបសៀវភៅ​ ដែល​នាង​ទើប​នឹង​​ចារ តំណក់ទឹក​ស្លាបប៉ាកកានៅថ្មីៗថា «ជូនចំពោះ មិត្ត ជីវិន សម្រាប់ ថ្ងៃបុណ្យនៃ សេចក្តី ស្រឡាញ់ ទុក ជា​អនុស្សាវរីយ៍ ពីរាជនី» ខ្ញុំត្រេកអរឡើង​ឈរ​ទ្រឹង​ភ្លឹក​រហូត​​ដល់​រតនៈ​មកទះ​ស្មា​ពី​ក្រោយ ហើយ​ហុចសៀវភៅ​«កំណត់​ហេតុស្នេហ៍» របស់​ក្រុមយុវ​អ្នក​និពន្ធ​ខ្មែរ មក​ឱ្យ​ខ្ញុំ​ ព្រម​ទាំង​​ស្រដី​ថា​៖

«នេះនែ! សៀវភៅ«កំណត់ហេតុស្នេហ៍» ដែលគ្នាឃើញឯងអានក្នុង ​បណ្ណាល័យ​ថ្ងៃមុន​នោះ​ណា​! រាជិនី! គេ​ទិញ​ឱ្យ​​យើង​ម្នាក់​មួយ ពេលឯងទៅរើសៀវភៅនៅ​ចុងទូ​ខាងនោះ! នាងទុកនឹង​គ្នា​ថា ​ចាំ​ឱ្យឯង​មួយ​ផង… តោះឯងរក​បាន​អស់​នៅ? យើងនឹង​អាល​ទៅ​បណ្ណាគារ​មួយទៀត!»

«អ៎! រួចរាល់ហើយ!…» ខ្ញុំឆ្លើយទាំងស្រមៃ​គិតវែងឆ្ងាយ​…

«អ៊ីចឹងទៅគិតលុយទៅ! គ្នាបានបួន ប្រាំ​ក្បាលដែរ… តោះ!»

«តោះ…» ខ្ញុំតបនឹងរតនៈដូចកាត់​ទៅៗ​ ដោយខ្ញុំកំពុងនឹកគិត​ដល់រាជិនី។ នាងមានចរិត​ល្អ​អស្ចារ្យ​យ៉ាង​… នាង​មាន​​គម្រោង​​ឱ្យសៀវភៅមកពួកយើង មុនខ្ញុំទិញសៀវភៅ​ជូននាង​ទៅ​ទៀត​។ មិន​ធម្មតាទេ!​ ខ្ញុំ​ក៏​រំភើប​ដែរ ដែលខ្ញុំ​មិន​ជូន​អ្វី​ទៅ​នាងក្រៅ​ពីសៀវភៅ​ ហើយខ្ញុំក៏​មិនចង់​បាន​ផ្កា​កុលាប ឬចង់បាន​អ្វី​នាង​វិញ ក្រៅពីសៀវភៅ​ដែលនាង​ទិញ​ជូន​នោះ​ដែរ។

ខ្ញុំ​ដើរ​​រក​ទិញសៀវភៅ​បន្ត​ទៅទៀត​ជាមួយ​រតនៈ​ រហូត​​ដល់​អស់​ប្រាក់​រលីងពីខ្លួន​ ហើយយើង​ក៏ត្រឡប់​មក​ផ្ទះ​វិញ​រៀង​​ខ្លួន។ ថ្ងៃ​នេះ​ ខ្ញុំ​លង់ក្នុង​ការគិតពិចារណា​មួយ​យ៉ាង​វែង​ឆ្ងាយ​… ខ្ញុំបាន​ស្ពាយ​យក​អនុស្សាវរីយ៍​នៃការទិញ​សៀវ​ភៅ​​យ៉ាង​ធ្ងន់​ យ៉ាងច្រើន​លើស​លប់​ត្រឡប់មកផ្ទះវិញ។

***

ពេល​ដែល​គិត​ដល់​អនុស្សាវរីយ៍​ឆ្នាំ​មុន ខ្ញុំខ្វល់ខ្វាយអន្ទះអន្ទែង។ ខ្ញុំព្រួយ​ចំបែងក្រែ​​ង​នាង​បាន​គេ​។ ពេលនេះ ខ្ញុំសារភាព​ចំពោះ​ចិត្ត​ខ្លួនឯង​​ហើយ​ថា ​ខ្ញុំ​ស្រឡាញ់​នាង ​​ចង់​​បាន​​​ជាគូ​គ្រង​​ជីវិត លុះ​ថ្ងៃ​អវ​សាន​នៃជីវិត! តែ​ខ្ញុំគិតបានត្រឹមតែ​គិត​ម្នាក់​ឯង​។ ខ្ញុំ​លួច​ស្រឡាញ់​គេ​ម្នាក់​ឯង។ ខ្ញុំរង់នៅ​ការ​ឈឺ​​ចាប់​​ក្រំក្រៀម​​ចិត្ត​ម្នាក់​ឯង​។ ស្នេហា​របស់​ខ្ញុំ ជា​ស្នេហា​ផុត​សង្ឃឹម។

នាង​ប្រាប់​ថា «ស្នេហា​ មិនមែន​ជា​អ្វី​ៗ​គ្រប់​យ៉ាង​នោះ​ទេ… ជីវិត​ជា​ការ​ជ្រើស​រើស! យើង​អាច​រាប់​​អាន​​គ្នា​បាន​ត្រឹម​ជា​មិត្ត»​។ ខ្ញុំមិន​យល់​ខ្លួន​ឯង​សោះ! ដឹង​ថា​ស្រឡាញ់​គេ​មិន​​បាន​ហើយ នៅ​តែ​ស្រឡាញ់​​ត​ទៅ​ទៀត។ ខ្ញុំរក​ច្រក​ចេញ​ពុំឃើញ​សោះ​ ខ្ញុំ​តប់​ប្រមល់​ម្នាក់ឯង។

ខ្ញុំកាន់​តែ​លង់បាក់​ចិត្ត​ទៅ​លើ​នាង​កាន់​តែ​ខ្លាំង​ហើយ។ ខ្ញុំ​ទៅ​សាលារៀន​មួយថ្ងៃៗ ​ឱ្យ​តែ​បាន​ឃើញ​មុខ​របស់​នាង​តែ​ប៉ុណ្ណោះ ដូច​ជា​ពាក្យ​ចាស់​ថា​ស្រឡាញ់​បាត់​មុខ​មិន​បាន ​ឱ្យ​តែ​បាន​ឃើញ​ដំបូល​ផ្ទះ​របស់​គេ​បាន​បន្តិច​ក៏​​អស់​ចិត្ត​ដែរ… ថ្ងៃ​ដែល​រាជិនី​​អត់​មក​រៀន​ ខ្ញុំ​អន្ទះ​សា​​​ខ្លាំងណាស់​… ខ្ញុំ​រៀន​មិន​ចូល​ទាល់​តែ​សោះ! ខ្ញុំគិត​ពីនាង​រហូត តើនាង​កើត​អ្វី? ប្រហែល​នាង​ឈឺ​ទេដឹង? សូម​ឱ្យ​នាង​កុំមាន​ជំងឺ​អី្វ​ឱ្យសោះ… ខ្ញុំ​ព្រួយ​​បារម្ភ​ និ​ង​គិតពី​នាង​គ្រប់​វេលា។ មួយ​ថ្ងៃៗ​យ៉ាង​ហោច​ណាស់​ក៏​បាន​ជិះ​កង់​កាត់​ផ្ទះ​របស់​នាង​ម្តង​ដែរ​ ទើប​ខ្ញុំ​អស់​ចិត្ត…

នៅក្នុងបន្ទប់​រៀន ខ្ញុំចេះតែដក​ដង្ហើម​ធំ។ ពេល​កត់​មេរៀន ខ្ញុំឃើញ​រាជិនី​​និយាយ​ជា​មួយ​រតនៈ។ ខ្ញុំ​សែន​ឈឺចិត្ត​ខ្លោ​ច​ផ្សារក​ថ្លែង​ ឱ្យត្រូវនឹងទំហំនៃទុក្ខព្រួយរបស់ខ្ញុំមិនបាន! មិនដឹងជា ចិត្ត​គំនិត​​អវិជ្ជ​មាន​ទាំងនេះ​ មក​សន្ធិត​ក្នុង​ចិត្ត​រប​ស់​ខ្ញុំ​តាំង​ពីពេល​ណា​នោះ​ទេ​។

ខ្ញុំសង្កេត​ឃើញ​ចំណង​មិត្ត​​ភាព​រវាង​ខ្ញុំ ​និង​​រតនៈកាន់​កាន់​តែ​ស្រាល​ធូររលុង​ទៅ​វិញ​​បន្តិ​ចម្តង​ៗ ​ដោយគ្មាន​មូល​ហេតុ​​ច្បាស់​លាស់​សោះ។ សូម្បីតែ​ខ្ញុំ​​ខ្លួនឯងក៏ឆ្ងល់​ដែរថា ហេតុអ្វី​បាន​ជាដូច្នេះ​ទៅ​វិញ​?​… ខ្ញុំ​លែង​​ជិះម៉ូតូ​ជាមួយ​រតនៈទៀតហើយ!  ខ្ញុំមក​ជិះ​កង់​​របស់ខ្ញុំវិញ រតនៈសង្ស័យ​ក៏​សាក​​សួរ​មក​កាន់​ខ្ញុំ ពេល​ចេញ​ទៅ​ផ្ទះ​៖

«គ្នាឃើញឯងដូចជា​ប្លែក​ដល់​ហើយ! ប៉ុន្មាន​អាទិត្យនេះ ឯងទៅបណ្ណាល័យ បណ្ណាគារ តែ​ម្នាក់​​ឯង​ ដោយ​​មិន​បាន​ហៅគ្នា​សោះ។ គ្នាមិនប្រកាន់ថាអីនោះទេ តែគ្រាន់​តែសួរ​ ដើម្បី​ឱ្យ​បាន​ដឹង! គ្នាដូច​ជា​មិន​យល់​សោះ​តែម្តង! ហើយ​ឥឡូវ​នេះ​ឯង​ឈប់ជិះម៉ូតូ​ជាមួយគ្នាទៀត។ មាន​បញ្ហា​អី​មែន​ទេ?»

«ឯងមិនចាំបាច់យល់អីទាំង​អស់​! គ្រាន់​តែដឹង​ថា ខ្ញុំមិនចង់​ឱ្យលំបាក​ដល់ឯង​ទៀតទេ។ ណា​មួយ​ខ្ញុំ​មាន​កង់​ ខ្ញុំ​ជិះ​វាពី​ដើម​មក​ហើយ ហើយខ្ញុំប្តូរមក​ជិះវាវិញ ក៏គ្មានបញ្ហាអីចោទនោះដែរ! មិនអីទេ កុំ​បារម្ភ​ពី​ខ្ញុំអី!»

«ឯងយ៉ាងម៉េច​ហ្នឹងជីវិន? ឯងប្លែកច្រើនណាស់! សូម្បីតែ​ពាក្យ​សម្តី​ ដែលយើងធ្លាប់​ហៅគ្នា​​​សម្លាញ់​អី​កន្លង​មក ឥឡូវនេះក៏ឯងឈប់ប្រើអស់ហើយ។ ឯងនិយាយ​​នឹង​គ្នា​ដោយ​ពាក្យ​«ខ្ញុំ»ទៅវិញ។ ប្រាប់​​គ្នា​មក​ឯង​មាន​​រឿង​អី​មែន​ទេ​? ឬ​ក៏​គ្នា​ធ្វើ​ឲ្យ​ឯង​អត់​សប្បាយ​ចិត្ត​ត្រង់​ណាហ្អា?»

«គ្មានអីទេ! គ្រាន់តែប៉ុន្មានថ្ងៃនេះ ខ្ញុំមិនសូវស្រួលខ្លួន ចេះតែឈឺច្រើន​ សុខភាព​ខ្សោយ​តែ​ប៉ុណ្ណឹង​ ​មិន​អី​ទេ​!» ខ្ញុំ​និយាយ​ចប់​​ ដើរចេញពីរតនៈយ៉ាងប្រញាប់ ទុកឱ្យគេ​នៅឆ្ងល់តែម្នាក់ឯង។

«អេះ! ជីវិន!…» រតនៈស្រែក​ពីក្រោយខ្នងខ្ញុំ តែខ្ញុំធ្វើមិនឮសំឡេង​របស់គេហៅសោះឡើយ។ ខ្ញុំដើរ​យ៉ាង​​លឿន​ធ្វើ​យ៉ាង​ណា​ឱ្យ​ផុត​​បាត់ពីមុខពីមាត់​របស់​គេ​។

ខ្ញុំគ្មានហេតុផល​អ្វីត្រូវ​ដើរចេញ​ពីរតនៈយ៉ាងដូច្នេះសោះ។ តើហេតុអ្វីទៅបានជាចិត្ត​របស់​ខ្ញុំ​បញ្ជា​​​ឱ្យធ្វើ​យ៉ាង​នេះ​? ឬមួយមក​ពី​​ខ្ញុំ​ស្រឡាញ់រាជិនី​ខ្លាំងពេក? ខ្ញុំប្រច័ណ្ឌ​នឹង​រតនៈ​ ដែល​និយាយ​ស្និទ្ធ​​ស្នាល​ជា​មួយ​នឹងនាង​?… គិតៗ​ទៅ​ខ្ញុំ​នេះ​មិន​គួរក្បត់​មិត្ត​ភាព​ ដោយសារតែ​ស្នេហាសោះ! ខ្ញុំ​បាន​បណ្តោយ​ឱ្យ​ស្នេហា​លួច​លាក់​មក​ដឹកមុខ។

ពីមួយ​ថ្ងៃទៅមួយថ្ងៃ ពេលវេលាចេះតែដើរគោចរទៅមុខឥតឈប់ឈរ ព្រមទាំងក្រសោប​យក​​សេចក្តី​​សង្ឃឹម​​ដ៏​ស្តួច​ស្តើង​របស់​ ខ្ញុំបន្តិចម្តងៗទៅជាមួយផង ហើយចាក់បញ្ចូលមកក្នុងទ្រូង​របស់​ខ្ញុំ​វិញ នូវ​ទុក្ខ​សោក​គ្រាំ​គ្រា​ចិត្ត សេចក្តី​ឈឺ​ចាប់​ សេចក្តី​ច្រណែន​ប្រច័​ណ្ឌ គំនិតហួងហែង… អារម្មណ៍​រវើរ​វាយ​ខ្វល់​ខ្វាយតែម្នាក់ឯង ។

ជិតមួយឆ្នាំមកហើយ ដែល​ខ្ញុំរស់រងទុក្ខតែម្នាក់ឯង! ថ្ងៃ១៤កុម្ភៈឆ្នាំមុន… ឥឡូវខែកុម្ភៈ​រំកិល​​ខ្លួន​​មក​ដល់​​ទៀត​ហើយ។ អារម្មណ៍ខ្ញុំបែរ​ជារជើបរំជួលរកថា​មិនត្រូវសោះ។ ខ្ញុំនឹក​ស្រណោះ​ដល់​កាល​គ្រា​កន្លង… នឹក​ដល់​​អនុស្សាវ​រីយ​​នៃការទិញសៀវភៅ ។ ខ្ញុំលើកយក​សៀវភៅ​ ដែល​រាជិនី​ទិញ​ឱ្យ ​មក​មើល មក​អា​ន​ហើយ​អាន​ទៀត​សាជាថ្មី។ ទោះ​បី​ជា​ខ្ញុំអានចប់ជា​ច្រើន​លើក​មក​ហើយ​ក៏​ដោយ​ ក៏​សាច់​​រឿង​ខ្លឹម​សារ​នៅ​តែពីរោះទាក់ទាញ​អារម្មណ៍​របស់ខ្ញុំដដែល។​ ខ្ញុំ​​នឹក​គិត​ថា ​នឹងរក​ទិញវត្ថុ​អនុ​ស្សា​វ​រី​យ៍​ណា​មួយជូន​នាង​​​ក្នុង​​ឆ្នាំនេះវិញម្តង។ ​ ខ្ញុំរក​មិត្ត​ភក្តិ​ជិតស្និទ្ធ​​របស់​នាង ​ដើម្បី​​សួរ​ពី​ចំណង់​​ចំណូល​ចិត្ត​របស់​នាង ​ក្រៅ​ពី​ការ​អានសៀវភៅ​។ គិតហើយខ្ញុំ​ក៍​ឆ្លៀត​​ឪកាសក្នុង​ថ្នាក់ពេលគ្រូលីប ក៏ដើរ​សំដៅ​ទៅតុ​របស់​ពិសី ​ដែល​ជាមិត្តនារីដ៏ស្និទ្ធស្នាលរបស់រាជិនី​។ ខ្ញុំ​ផ្តើមកម្រង​​សន្ទនា៖

«សួស្តីពិសី​! ខ្ញុំអាចអង្គុយ​លេង​ទីនេះបានទេ?» ខ្ញុំនិយាយទាំងមើលមុខនាងចំ ហើយ​ចង្អុល​ដៃទៅ​រក​​កៅ​​អី​ជិត​ខ្លួន​នាង។

«មានអីជីវិន! អង្គុយមកចុះ… សំណាង​ហើយខ្ញុំថ្ងៃនេះ​ មានបុរសសង្ហាមកអង្គុយក្បែរ» នាង​តប។ យើង​សើច​ព្រម​​គ្នាដោយមិនប្រកាន់គ្នានោះទេ។

«បានសម្តីណាស់ណ៎!…» ខ្ញុំរៀងនិយាយលេងបន្តិចផង​ ​ ហើយក៏ចាប់ផ្តើម​បង្វែរ​ចូល​សាច់​ការ «និយាយ​​អ៊ីចឹង ខ្ញុំអាច​សុំ​សួរ​មួយបានទេ?»

«បាន! រីករាយនឹងឆ្លើយ…» ​នាងងក់ក្បាលមួយៗ ព្រមទាំង​បញ្ចេញស្នាមញញឹម​ទាំងបិទ​មាត់​មិន​​ជិត​មក​​រក​ខ្ញុំ​ដោយ​​សុទ្ធ​ ចិត្ត មើលទៅនាង​ហាក់បីដូចជាពេញចិត្ត​ខ្លាំងណាស់​ ដោយ​បាន​និយាយ​ជាមួយ​នឹងខ្ញុំ។ តាម​មិត្តភកិ្ត​រួម​ថ្នាក់​មួយចំនួនប្រាប់ខ្ញុំ​ និង​ខ្ញុំ​សង្កេត​មកខ្លះៗផងដែរ អាច​សន្និ​ដ្ឋាន​បាន​​ខ្លះៗ​ថា ​ពិសីច្បាស់​ជា​មាន​ចិត្ត​មក​លើ​រូ​ប​ខ្ញុំ​ខ្លះ​ដែរ ​តែខ្ញុំដូចជាមិនមានចិត្ត​ស្រឡាញ់​នាង​វិញ​សោះ។ ខ្ញុំបែ​រជា​ទៅ​ចាប់​ចិត្ត​ប្រតិ​ព័ទ្ធ​ស្រឡាញ់​​មិត្តរបស់​នាង​ទៅ​វិញ។ កំពុង​តែ​លង់ក្នុ​ងមនោគតិ​ ពិសី​ក៏​និយាយ​ឡើង​ធ្វើ​ឱ្យ​​ខ្ញុំ​ភ្ញាក់​អារម្មណ៍​ឡើង​វិញ ។

«អេ!​គិតដល់ណាហើយហ្នឹងនេះ?»

«អូ! កំពុង​តែគិត​សំណួរ​ហ្នឹងណា!»​ខ្ញុំនិយាយ​បង្វែរ «នែ! ​ខ្ញុំចង់សួរថា តើពិសីចូលចិត្ត​អ្វី​ជាង​គេ​? ហើយ​ស្រឡាញ់​​​ពណ៌អីដែរហ៎?»

«ហះ ហាស…» នាងសើចមួយៗមុននឹងតបមកខ្ញុំ «ពណ៌!!… ខ្ញុំ! ខ.» នាងយក​ចង្អុលដៃ​បត់​ម្រាម​​​ដាក់​លើ​​បបូរ​មាត់​ កែវ​ភ្នែក​របស់​នាងហាក់ដូចជាកំពុងរកនឹក «​ខ្ញុំចូលចិត្តកុន​ទន្សាយតូចៗ គួរឱ្យ​ស្រឡាញ់​​ណាស់! ​ហើយ​ចូល​ចិត្ត​​ពណ៌​ស​ និងផ្កាឈូក។ ចុះ​ជីវិន​វិញ​?»

«ខ្ញុំមិនដឹងថា ស្រឡាញ់ចូលចិត្តអ្វីឱ្យប្រាកដនោះទេ! ​តែ​ខ្ញុំដូចជាចូលចិត្តពណ៌​ណា ដែល​តំណាង​​ឱ្យ​សភាព​​លូត​លាស់​​​ ពណ៌​ធម្ម​ជាតិដូចជាពណ៌បៃតង ពណ៌ខៀវ ផ្ទៃមេឃ។ នែ!ហើយ​ចុះ​ពិសី​មាន​ដឹង​ទេ ​រាជិនី​ចូល​ចិត្ត​អ្វី​ដែរ​?​»

«អ៎! អានីចូលចិត្ត​របស់អ្វីរាងកំប្លែងៗ តុក្កតា ហើយនឹងសៀវភៅ! អូ! ភ្លេច​ប្រាប់​ពួក​យើង​ទាំង​​ពីរ​​ចូលចិត្ត​អាន​ប្រលោម​លោក​ម​ នោសញ្ចេតនាណាស់…» នាងនិយាយរាប់គួរឱ្យចាប់​អារម្មណ៍​ណាស់​… ឈប់​បន្តិចនាងក៏បន្ត៖

«កាលពីប៉ុន្មានថ្ងៃមុនឮថា វាសនា​គូ​ដណ្តឹងរបស់នី ដែលកំពុងរៀន​ដុកទ័រ​​នៅ​ស្រុក​បារាំង​​ផ្ញើ​តុក្កតា​ខ្លា​ឃ្មុំ​យ៉ាង​ធំ​មួយ​ឱ្យ…»

ពិសី​និយាយមកដល់​ត្រង់​នេះ​ ខ្ញុំស្តាប់​មិនចូល​ទៀត​ទេ! ខ្ញុំភ័​ន្តភាំងស្រឡាំងកាំង…

ការ​ពិតរាជិនី​មាន​​​គូ​ដណ្តឹង​​រួចហើយ… ខ្ញុំ​ដូច​​ជាអស់កម្លាំង​រលីង​ពីខ្លួន។ បេះដូង​របស់ខ្ញុំ​ដូច​ជា​ថប់​ៗ​យ៉ាង​ម៉េច​រក​ថា​មិន​ត្រូវ…​ សេចក្តី​រំពឹង… សេចក្តី​សង្ឃឹមរបស់ខ្ញុំត្រូវរលាយ​សាប​សូន្យ ​ដូចក្រមួន​ត្រូវ​ថ្ងៃអស់ទៅ​ហើយ! រាជិនី​​មាន​​គូ​ដណ្តឹង​ទៅ​ហើយ!… ភ្នែក​ទាំងគូរបស់​ខ្ញុំ​ដូចជាប្រែ​ពណ៌ទៅជា​ក្រហម​​ច្រាល មុខ​​ខ្ញុំ​ប្រែមាន​ធាតុ​ក្តៅ​​ឧណ្ហៗ​ចេញ​ភាយ​ៗ​​មកក្រៅ ប្រអប់ដៃ​ដ៏ខ្សោះ​កម្លាំង​បាន​ផ្លាស់​ប្តូរ​ធាតុ​ត្រជាក់​មក​ជំនួស​វិញ… ខ្លួន​ប្រាណ​​របស់​ខ្ញុំ​ពេល​នេះ​ ហាក់​ដូច​ជា​មនុស្ស​ឥតវិញ្ញាណ… ខ្ញុំគ្មាន​កម្លាំង​​​ដ៏​តិច​តួច​សោះក្នុងខ្លួន មាត់​របស់​ខ្ញុំ​រក​ហា​​និយាយ​ស្តី​លែង​កើត វា​លែង​​កម្រើក​​បាន​វិស័យ​ប្រៀប​បាន​នឹង​ដុំថ្ម​ដ៏ធំយ៉ាង​ធ្ងន់​មក​សង្កត់​ ។ សំឡេង​ជួង​​រោទិ៍​ឡើង ​ប្រាប់​ដំណឹង​ថា​ ដល់​​ពេល​ចូល​រៀន​វិញ​ហើយ តែ​ក្នុង​​ថ្នាក់​​របស់ខ្ញុំ​ ​នៅតែ​ស្ងាត់​​ជ្រងំ​ដដែល ព្រោះ​​គ្រូ​លីបដល់​ទៅពីរម៉ោង។

តែ​សំឡេង​ស្នូរ​ជួង​​​បាន​ដាស់​សតិ​អារម្មណ៍​ឱ្យវិលមក​រក​ការ​សន្ទនាវិញ ទាំង​ស្ទាក់​ស្ទើរ។

«អ៊ីចឹង! រាជិនីមាន​គូដណ្តឹងហើយ?» ខ្ញុំសួរបញ្ជាក់​ទៅពិសី​ដើម្បីបានចម្លើយពិត ដោយ​មិន​ចាប់​​អារម្មណ៍​​​ថា​នាង​​និយាយ​​ម​ក​ដល់​ត្រឹម​ណា​នោះ​​ទេ។ ខ្ញុំដឹង​តែម្យ៉ាង គឺចង់​បាន​ចម្លើយ ដែលចេញ​ពីក្រអូម​មាត់​របស់​នាង​យ៉ាង​ឆាប់​រហ័ស យ៉ាង​អន្ទះ​សាជាទីបំផុត ។

«អូ៎! ជីវិនអត់ដឹងទេ? រៀនជាមួយគ្នាពីរឆ្នាំ​ហើយហ្នឹង! គេភ្ជាប់ពាក្យនឹង​គ្នាតាំងពីតូចមកម្ល៉េះ! រាជិនី​និង​​​វាសនា​​ជា​បង​ប្អូន​ជី​ដូន​មួយនឹងគ្នា។ នៅដើមឆ្នាំក្រោយ គេរៀបការហើយ ព្រោះ​រាជិនី​រៀន​ចប់​បាក់​ឌុប​ ឯ​វាសនា​វិញនោះ ​ក៏ចប់​ដុក​ទ័រដែរ។ អូហូ! សម​គ្នា​ណាស់! ខ្ញុំឃើញរូបថត​របស់លោក​ដុកទ័រ​វាសនា​នោះ ដែល​អានី​បង្ហាញ គេសង្ហាដល់​ហើយ ហើយក៏​រៀន​ពូកែទៀត!»

ខ្ញុំស្តាប់​ពិសីនិយាយរៀបរាប់តទៅទៀតមិនចូល​ទេ។ ខ្ញុំ​ចង់តែ​ដើរចេញ​ភ្លាម​តែ​ម្តង តែ​ខ្លាច​ក្រែង​​ចិត្ត​ពិសី​ និង​ខ្លាច​​នាង​​ចាប់​ថ្នាក់​បាន​… ខ្ញុំក៏និយាយ​ស្រួលបួល ដើម្បី​​សុំលានាង ។

«អរគុណពិសីច្រើន! គ្រូអត់រៀនទេ ខ្ញុំរកទៅផ្ទះមុនហើយ!»

«អេ… ម៉ោងចុងក្រោយគ្រូមកវិញណ៎ា!»

«អឺ! ហ្នឹងហើយ…» ខ្ញុំគ្រាន់​តែ​ហើបមាត់​ប៉ុណ្ណោះ​ តែខ្ញុំគ្មាន​ខ្វល់ពីការចូលរៀន​ម៉ោងក្រោយ​ណា​​ទៀត​​នោះ​ទេ។ ខ្ញុំដើរ​ចេញ​ពី​ថ្នាក់​ទាំង​ដំណើរ​ធេងធោង ជើង​ស្ទើរមិនជាប់​ដី…​ អារម្មណ៍​របស់ខ្ញុំ​នឹក​​គិត​ទៅ​​រក​រាជិនី​ ឥត​ឈប់ឈរ​​សំឡេង​​ដ៏ស្រទ​ន់របស់​នាង ​បាន​ស្ថិត​​នៅ​រងំក្នុងត្រចៀក ​ក្នុង​ដួង​ចិត្ត​ដ៏​ស្លោក​ស្រពោន​របស់ខ្ញុំ… ​អ្វី​ៗ​ដែល​ខ្ញុំធ្លាប់តែ​ងតែ​គិត​នោះ ​គ្រាន់តែ​ជាការ​ស្រមើ​ស្រមៃរវើ​រ​វាយ​​​តែ​ប៉ុណ្ណោះ​… ខ្ញុំ​បាក់​​ចិត្ត​លង់​ស្រឡាញ់​រាជិនី​តែ​​ម្នាក់​ឯង… ខ្ញុំតែង​តែ​លួង​លោម​ចិត្ត​ខ្លួន​ឯង​ជានិច្ច​ថា នាង​ក៏​មាន​នឹក​គិត​មក​ខ្ញុំ​វិញ​ខ្លះដែរ តែ​ពេល​នេះ​ខ្ញុំ​ទើប​តែ​​ដឹង​ខ្លួនថា ខ្ញុំកំពុង​លង់​ខ្លួនក្នុង​ការ​ស្រមើ​ស្រមៃ​ឥត​ន័​យ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​នឹក​គិត​​ដល់​រូបនាង តែ​វាជាការ​នឹក​គិត​តែ​ម្នាក់​ឯង​ដ៏​គួរឱ្យ​សង្វេគ… គិត​ទៅ ខ្ញុំលួចស្រឡាញ់នាងតែម្នាក់ឯង តែ​រាជិនី​​​គ្មានចិត្ត​ដ៏តិចតួច​សម្រាប់​​ខ្ញុំ​វិញ​សោះ​​ឡើយ។ ខ្ញុំ​ព្យាយា​ម​រំងាប់​ចិត្ត​ខ្លួន​ឯង តែមិនបាន​ផល​សោះ… សេចក្តី​ឈឺ​ចាប់​​កាន់តែ​មាន​ទម្ងន់​ធ្ងន់​​ទ្វេ​ឡើង។

អស់រយៈពេល៣ថ្ងៃមក​ហើយ ដែលខ្ញុំអត់បានទៅសាលារៀន… ខ្ញុំដេក​ឱបក្រសោប​ទុក្ខ​ព្រួយ​​តែ​​ម្នាក់​ឯង ទោះ​បី​ជា ​ខ្ញុំ​ទៅ​រៀន ​ក៏ខ្ញុំរៀនមិនចូលដែរ… ខ្ញុំបាន​គិត​ច្រើនណាស់​… ការ​លួច​ស្រឡាញ់​រាជិនី​​នេះ បាន​ធ្វើ​ឱ្យ​ខ្ញុំ​បង់ខាត​អស់​យ៉ាង​ច្រើន​នូវចំណង​មិត្តភាព​រវាង​ខ្ញុំនិង​ រតនៈ… ខ្ញុំបាន​ប្រកាន់​ប្រច័ណ្ឌ​​ច្រណែន​​នឹងរតនៈ​ដោយ​ភ័ន្ត​ច្រឡំ។ ខ្ញុំខុសធ្ងន់​ណាស់! ខ្ញុំមិនគិតខំប្រឹងប្រែង​រៀន​សូត្រ… ​ខ្ញុំ​ចំណាយ​ពេល​វេលា​ និង​អាយុជីវិតរបស់ខ្ញុំ​ទៅ​គិត​​ពីរាជិនី​… ខ្ញុំបាន​ធ្វើខុស​ធ្ងន់​ធ្ងរ​ខ្លាំង​ណាស់ ​ចំពោះ​សេចក្តីសង្ឃឹម​រំពឹង​ទុក​របស់​លោកឪពុក​អ្នក​ម្តាយរបស់ខ្ញុំ ។

ដើម្បី​ព្យា​យាម​កាត់​ចិត្ត​បំភ្លេច​រាជិនី​ចេញ​ពី​បេះ​ដូង​ ដែល​​ប្រលាក់​ដោយក្តី​ស្នេហ៍លង់​ចិត្ត​ ជំនួស​វិញ​ដោយទឹក​សម្អាត​​​​​មិត្ត​ភាព​ដ៏​សក្តិ​សិទ្ធិ ខ្ញុំ​តែង​តែ​ស្រាវជ្រាវ​សៀវភៅ​ និងអាន​ឯក​សារ​ស្តី​ពី​មិត្ត​ភាព និង​​ស្នេហា​មក​អាន។  ខ្ញុំ​បាន​អាន​អត្ថ​បទ​ជា​ច្រើន​។

«តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក? ស្នេហាមានច្រើន ស្នេហាជាតិ ស្នេហាឪពុកម្តាយ ស្នេហា​បង​ប្អូន… តែក្នុងទីនេះ យើង​សូម​លើក​យក​តែ​ស្នេហា​ ដែល​គេកត់សម្គាល់​ក្នុង​ជម្រៅ​បេះដូង​យុវវ័យ​ចំពោះគ្នា យកមក​សិក្សាតែប៉ុណ្ណោះ។ ស្នេហាប្រភេទនេះ នៅ​ក្នុង​ជី​វិត​​លោកិយ៍យើង​ មាន​ទាំង​សប្បាយ​រីករាយ​ ត្រេក​ត្រអាល មា​ន​ទាំង​កម្រត់​កម្រ​​ស្រក់​ទឹក​​ភ្នែក​ ជួប​​ជុំ ព្រាត់ប្រាស់ ផ្អែម​ល្អែម ល្អូក​ល្អើន ស្អិត​រមួត​ជា​ង​ទឹក​ឃ្មុំ មាន​ប្រៃ​ល្វីង​ជូរចត់​… មាន​គ្រប់​រស​ជាតិ ។ A.Lunasarki បានសន្និដ្ឋានថា ៖ សេចក្តីស្នេហាជា​ការ​តែងលម្អ​ដ៏មហិមា។ សេចក្តី​ស្នេហា​ធ្វើ​ឲ្យ​ធម្មជាតិ​រីកស្រស់បំព្រង…។

ទាក់ទិននឹង​រឿងរ៉ាវស្នេហានេះ មានមតិ​ជាច្រើន​ត្រូវបានលើកឡើង។

អ្នកប្រាជ្ញល្បីល្បាញ​ Oliver Wendell Holmes ធា្លប់​ចាត់​ទុកថា៖ «សេចក្តីស្នេហា​ ជាកូនសោ​មានតួនាទី​ចម្រុះ បើកបាន​គ្រប់ទ្វារទាំងអស់ នាំយើងទៅដល់សុភមង្គល។»

អ្នកប្រាដកនិយមចូលចិត្តប្រៀបធៀប ស្នេហាទៅនឹងដួងព្រះចន្ទ។ គេនិយាយយ៉ាងនេះថា៖ «សេចក្តី​ស្នេហា​ដូច​ជា​រូបព្រះចន្ទ បើសិនជាវា​មិន​ធំឡើងទេនោះ វានឹងតូចទៅ។»

ការលួចស្រឡាញ់ប្រតិព័ទ្ធ​នរណាម្នាក់​ក៏ជាស្នេហាដែរ គឺជាស្នេហាសម្ងាត់។ ស្នេហាសម្ងាត់នេះ​ ចេញ​ពី​ក្រអៅ​បេះ​​ដូងសម្ងាត់ ដែលលបលួច​គេងគិត​ផ្សងតែម្នាក់ឯង។ ជាការពិត​អ្នក​លួច​ស្រឡាញ់​នរណា​ម្នាក់ តែង​តែ​គិត​គូរ​ខ្វល់​ខ្វាយ​​ចំពោះមនុស្ស ដែលខ្លួន​ស្រឡាញ់​ស្ទើរ​តែ​គ្រប់​ដង្ហើម​ចេញចូល ហើយ​អារម្មណ៍​របស់​គេ​ជានិច្ចកាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ម្ចាស់​ ស្នេហ៍​​របស់​ខ្លួនគ្រប់វេលា។ លោក​សម្បត្តិ និស្សិត​ខ្មែរ​នៅ​ប្រទេស​កាណាដា​បានសរសេរប្លក់​ផ្ទាល់​ខ្លួន​របស់​លោក​ថា៖ «…ជាធម្មតា អ្នកស្រលាញ់ មានបេះដូងលោតខុសចង្វាក់ច្រើនជាង អ្នកដែលត្រូវបានគេ ស្រលាញ់់។ …»

មែន…​ រាល់​លើក​ដែល​ខ្ញុំគិត​ទៅ​រាជិនីគឺ​អ៊ីចឹង! ខ្ញុំ​តែ​ង​តែ​គិត​ដល់​នាង​​គ្រប់​ពេល ខ្ញុំ​បារម្ភ​ចំពោះ​នាងគ្រប់​វេលា… នេះ​​ជា​អារម្មណ៍​របស់​អ្នក ​ដែល​មាន​ស្នេហា​មែន​ទេ? រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ចាប់​ផ្តើម​បាក់​ចិត្ត​ស្រឡាញ់​នាង​តាំង​តែ​ពី​ពេល​ណា​មក​នោះ​ទេ ដូច​ជា​ពិបាក​យល់​ចិត្ត​ខ្លួន​ឯង​ដែរ… អាន​ត​វិញ​ប្រសើរ​ជាង។

លោក​បាន​បន្ត​ទៀត​ថា«ស្នេហាមានឥទ្ធិពលខ្លាំងណាស់ លើជីវិតមនុស្សម្នាក់ៗ ដោយម្យ៉ាងក៏ មកពីយើងមិន អាចរស់ឬ​មិនចង់់រស់់នៅម្នាក់់ឯង ហើយម្យ៉ាងទៀត វាទាក់ទងនឹងតណ្ហាកាមទេព ដែលនំាឲ្យ​មនុស្សគ្រប់វ័យត្រូវការគូ ស្នេហ៏ប្រចាំជីវិតនោះ។»

ពាក្យ​ថា​ «ស្នេហា» អ្នក​និពន្ធ កវីបណ្ឌិត​ អ្នក​ប្រាជ្ញ ខិតខំ​ស្រាវជ្រាវ​រុក​រក​ និង​សរ​សេរចងក្រង​រាប់​ម៉ឺន​ទំព័​រសៀវ​ភៅ នៅតែ​​​ទាន់​ស្វែង​រក​ឃើញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ… ដរាប​ណា​ជី​វិត​នៅ​តែ​មាន ពិភព​លោក​​មិន​​ទាន់​រលាយ​ សេច​ក្តី​​ស្នេហា នៅតែ​មាន​ពន្លកឥទ្ធិពល​​ក្នុង​នៅ​ដួង​​ចិត្ត​មនុស្ស​លោក ។

បើស្នេហាមានឥទ្ធិពលខ្លាំងក្លាយ៉ាងនេះ  គេគួរប្រយ័ត្នប្រយែង មិនត្រូវបណ្តោយ​ឲ្យមាន​ការ​ភ័ន្ត​ច្រឡំ​ចំពោះ​សេចក្តី​សង្ឃឹមបណ្តោះអាសន្ន ដែលកើតឡើង​តែមួយ​រយៈខ្លី​ក្នុងពេល​វេលា​របស់​អ្នក​នោះ​ទេ។ សេចក្តីស្នេហា មិនមែន​គ្រាន់​តែ​ជា​«ផ្លេកបន្ទោរ»ឆ្វាចឡើង ហើយ​ក៏​រួចស្រេច​នោះទេ។ នៅ​ពេល​​ដែល​អ្នក​ពិត​ជាស្រឡាញ់​មនុស្សម្នាក់ ​ក្រៅ​ពី​ការ​ស្រឡាញ់​រូបរាង អ្នក​ថែមទាំង​ត្រូវ​ពិនិត្យ​មើល​សតិអារម្មណ៍ អាកប្ប​កិរិយា​ និងមនោសញ្ចេតនារបស់មនុស្ស​ដែល​យើង​​ស្រឡាញ់​នោះផង។ សេចក្តី​ស្នេហា​មិន​អាច​កំណត់​​ឡើង ដោយសារការរំភើប​មួយ​រំពេច​នោះទេ  ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​សាកល្បង។ សេចក្តី​ស្នេហា​ស្មោះត្រង់ និងធំធាត់​ឡើងជាបណ្តើរៗតាមពេលវេលា ផ្ទុយទៅវិញ​ បើសិន​ជា​​​គ្រាន់​តែ​កម្រិត​ចំពោះ​តែត្រឹម​អារម្មណ៍រំភើបតែមួយ​មុខនោះ មិនយូរប៉ុន្មាន​សេចក្តីស្នេហានោះ​នឹង​រុះ​រោយ ហើយ​ស្លាប់​​ដោយ​ក្រៀម​ក្រោះជាក់ច្បាស់​បំផុត។ […] ទំ.១៩ «ក្បួនសេបគប់មិត្ត១០០ឆ្នាំ» ដោយទៀ-ថេន។

Paul Staroul មាន​ប្រសាសន៍ថា៖ «សេចក្តីស្នេហា គឺជា​ជំងឺមួយ​ដ៏ធ្ងន់នៅពេល​ចុង​បញ្ចប់​នៃ​យុវ​វ័យ។»

អ្ន​ក​ប្រាជ្ញ​បារាំង​ដ៏​ល្បី លោក Victor Hugo និយាយថា «ជីវិតដូចជាផ្កា ស្នេហាដូចជាទឹកឃ្មុំ។

ពេលខ្លះ ស្នេហា គ្រាន់តែ​ជា​ល្បែងលេងសើចសប្បាយ… ស្នេហាគឺជាការបោកប្រាស! ពាក្យ​ផ្អែម​ពីរោះ​លន្លង់​លន្លោច​​រកគ្នា​… គឺ​ជា​ពាក្យ​លួងលោមភូត​កុហក​ទាំងអស់។ ស្នេហា​បរិសុទ្ធ គ្មានទេ! គឺ​ជា​ កិលេស​​អពង្គល ដែលធ្វើឲ្យ​យើង​ឈ្លក់វង្វេងស្មារតី តែក្នុងរយៈដ៏ខ្លី… សែនខ្លី…។

អ្នកនិពន្ធ​សុទ្ធ-ប៉ូលីន បានសរសេរក្នុង«ជីវិតឥតន័យ» យើង​សូម​ដក​ស្រង់​មក​បង្ហាញ​ជូន​អាន​ដូច​ត​ទៅ​។​  […] «ខ្ញុំជាកំលោះ​ប្រដាប់ដោយ​បេះ​ដូង​ដែក។ ចាប់​តាំងតែ​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​​ហ៊ាន​អះអាង​ថា គ្មាន​ព្រួញ​របស់​នារីណា​មក​ទម្លុះ​ទម្លាយ​បេះ​ដូង​ខ្ញុំ​បាន​ឡើយ។ ស្នេហា​ជា​វត្ថុ​អ្វីទៅ? គ្មាន​នរណា​ដឹង​សោះ! មានតែខ្ញុំម្នាក់ទេ ដែលដឹងថា អ្វី​ជា​ស្នេហា… គឺ​ជា​សម្បត្តិឥត​ន័យ… វត្ថុ​ដែលគ្មាន… ដែលជា​ស្រមោល​… ដែល​ស្ថិត​នៅតែក្នុង​ការ​ស្រមៃ។ ចំណែក​ស្នេហា ​ដែល​​គូ​សង្សារ​តែងនិយមប្រាប់​គ្នា​គឺ​ជារឿង​បោកប្រាស។ ឱ! ស្នេហា​នោះ ដែល​គេស្មាន​តែបរិសុទ្ធ គឺ​ជា​ល្បែងទេតើ… ពាក្យ​ផ្អែម​​ពីរោះ​ដែលគេផ្តោះផ្គង​រកគ្នា… គឺ​ជា​ពាក្យ​ភូត​កុហក​ទាំងអស់។ ស្នេហា​បរិសុទ្ធ​នោះ… គឺជាក្រសោម​កិលេស​អពង្គល ដែលធ្វើឲ្យ​យើង​វង្វេងស្មារតីតែក្នុងរយៈដ៏ខ្លី… សែនខ្លី…។

ខ្ញុំ​ជាមនុស្សមិនវង្វេង… ខ្ញុំយល់ច្បាស់… ខ្ញុំជាឥតជឿស្នេហាទេ… ស្នេហាបរិសុទ្ធគ្មានស្ថិត​នៅ​ទេ​… គឺគ្រាន់​តែ​ជា​ពាក្យ​ប៉ុណ្ណោះ។ ស្នេហាដែលស្ថិតនៅ គឺសុទ្ធ​តែ​ជាល្បែងទាំងអស់។ អូយ! ខ្ញុំខ្ពើ​ម​ណាស់ស្នេហា! ខ្ញុំ​ជាមនុស្ស​គ្មាន​ស្នេហា! ខ្ញុំជាមនុស្ស​អស់​កិលេស!!!…» […] «ជីវិតឥតន័យ» ជំពូក «អតីតកាលរបស់សារ៉ាក់» ត្រង់អត្ថបទ «ខ្ញុំ​ជា​មនុស្ស​គ្មាន​ស្នេហា» ទំព័រ.១៣៤

ប្រិយ​មិត្ត​ម្នាក់​បាន​មាន​យោបល់ថា «ស្នេហាគឺដូចថ្នាំពេទ្យ ជាថ្នាំមួយប្រភេទដែលមានមុខពីរ ស្នេហាជាដើម ហេតុនៃសេចក្តីឈឺចាប់ ស្នេហាជាដើមហេតុនៃសេចក្តីសុខស្នេហាជាសេចក្តីទុក្ខ ស្នេហាជាទឹកឃ្មុំ។ ស្នេហាជាដាវមុខស្រួច ដែលអាចចាក់​សម្លាប់​មនុស្សគ្រប់ពេល តែវាក៏ជាថ្នាំពេទ្យ ដែលល្អបំផុតនៅពេល ដែលត្រូវបានគេចាក់បេះដូង ឲ្យ​ធ្លុះធ្លាយ… អូយស្នេហាអើយស្នេហា អ្នកពិត ជាពិបាកស្វែងយល់ណាស់… ម្តងធ្វើឲ្យ​ខ្ញុំសើច ម្តងធ្វើឲ្យ​ខ្ញុំក្រៀមក្រំ…។» លោក​វណ្ណ​ពិសិដ្ឋ ប្រិយមិត្ត​របស់​លោក​សម្បត្តិ​ក្នុង​ប្លក់​វើត​ប្រេស។

អ្នកនិពន្ធ វង់-ផឿង បានសរសេរថា៖ ស្នេហា គឺការរួម​រស់​ជាមួយ​គ្នា​យ៉ាង​ស្មោះអស់​មួយ​ជីវិត​រវាង​បុរស​ម្នាក់​និង​ នារី​ម្នាក់។ ការរួមរស់​ជាមួយ​គ្នាយ៉ាង​ស្មោះ​នេះ មានគោលបំណង​បង្កបង្កើត​ឡើង នូវ​លក្ខណៈ​សម្បតិ្ត (Condition) ងាយស្រួល(Commode) និងមាំ​ទាំ (Solide) ដើម្បីទទួល​នូវសុខុមាលភាព និង​សុភមង្គលក្នុងផ្លូវសម្ភារៈ មនោ​សញ្ចេត​នា និងចរិត (Sentiment et Caractère) ដែលមនុស្សម្នាក់ៗ​មិនអាច​នឹង​ស្វែង​រកបាន កាលបើ​ខ្លួន​រស់នៅតែ​ម្នាក់​​ឯង (Solitaire)។ រូបភាព​ស្របច្បាប់​និងសាមញ្ញរបស់ស្នេហា គឺពិធីអាពាហ៍ពិពាហ៍។ […] សៀវ​ភៅ «ការ​ជ្រើស​រើស​​សម្លាញ់​១០០ឆ្នាំ» ទំ.១២-១៣។

លោក សួន​សុបិនបាន​សរសេរ​ វាចាអ្នកនិពន្ធ ក្នុង​រឿង«ថ្ងៃស្អែក…​ព្រោះ​គ្មាន​អូន​»«Tomorrow without you » ​ថា «សម្រាប់​ពាក្យ​ថា​ «ស្នេហា» ជួន​កាល​មិន​គ្រាន់​តែ​សម្តែង​ចេញ​តាម​រយៈ​ការ​​ស្រលាញ់​​តែ​មួយ​មុខ​នោះ​ទេ តែ​វា​ទាម​ទារ​ឲ្យ​ម្នាក់​ៗ​មានការ​លះ​បង់​ មាន​ការធ្វើ​​ពលិកម្ម​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

«ពលិកម្ម » មាន​ន័យ​ធំធេង​ណាស់​សម្រាប់​សេចក្តី​ស្នេហា។ បើ​ពលិកម្ម​កាន់​តែ​មាន​វិសាល​ភាព​ប៉ុណ្ណា សេចក្តី​ស្នេហា​​ក៏​មាន​លើស​លប់​ទៅ​តាម​នោះ​ដែរ។ ​​មាន​តែ​សេចក្តី​ស្រលាញ់​តែ​គ្មាន​​ពលិកម្ម​ ​មិន​អាច​ហៅ​ថា​​​ស្នេហា​បាន​ទេ… ស្នេហា​គឺ​ជា​ការ​លះ​បង់!

«ស្នេហា​និង​ពលិកម្ម» គឺ​​ជា​វត្ថុ​ពីរ​ ដែលត្រូវ​ដើរ​​ទន្ទឹម​គ្នា​ជា​និច្ច។ មាន​ស្នេហា​មាន​​ពលិកម្ម​ មាន​ស្នេហា​​មាន​ការ​លះ​បង់… ស្រលាញ់​មនុស្ស​ម្នាក់​ ត្រូវ​​​ហ៊ាន​លះ​បង់​ហ៊ាន​ធ្វើ​​ពលិកម្ម​​បូ​ជា​សេចក្តី​សុខ​​ផ្ទាល់​​ខ្លួន ​​ ដើម្បី​មនុស្ស​ម្នាក់​ទៀត​ដែល​ខ្លួន​ស្រលាញ់​។

«ស្នេហា»​ មិន​បាន​បង្គាប់​ឲ្យ​មនុស្ស​ធ្វើ​ពលិកម្ម​នោះ​ទេ តែ​មនុស្ស​ខ្លួន​ឯង​គួរ​តែ​មាន​សម្បជញ្ញៈ​​និង​ស្មារតី​ភ្ញាក់​រឭក​មួយ​ ថា​ខ្លួន​គួរ​ធ្វើ​​ពលិកម្ម​ចំពោះ​មនុស្ស ​​ដែល​ខ្លួន​កំពុង​ស្រលាញ់​ឬ​អត់?»[…]

តើស្នេហាជាអ្វី? យុវវ័យមួយចំនួនដែលប្រឡូកក្នុងពិភព​ស្នេហា ហើយទទួលបាននូវការ​ខក​ចិត្ត​នោះ​ តែង​ស្រែក​​​សួរ​រក​ន័យ​ឲ្យ​ស្នេហា! តើស្នេហាជាអ្វី?… រហូតមកទល់ពេលនេះ ពុំទាន់​មាន​នរណា​ម្នាក់​ អាចឆ្លើយ​សំណួរ​នេះ​បាន​​ពិន្ទុ១០ ហើយក៏គ្មាននរណាម្នាក់ក្នុងលោកយើងនេះ ឆ្លើយខុស​ រហូត​​បាន​ពិន្ទុ​០​នោះ​ដែរ។  ដូច្នេះ​សំណួរ ​ដែល​ពុំ​ទាន់​មានចម្លើយប្រាកដនេះ នៅតែចោទ​សួរដដែល តើស្នេហាជាអ្វី?… តើស្នេហាជាអ្វី? បើ​ស្នេហា​ជា​ការ​សេចក្តី​ស្រឡាញ់​វិញ តើចុះ​​សេចក្តី​ស្រឡាញ់​នោះជា ​អ្វី? ជា​ស្នេហា​វិញមែនទេ? ពិតជា​មិនអាច​ត្រឡប់​ចុះ​ឡើង​ដោយ​ងាយ​ៗ​ពេក​នោះទេ។ អ្នកខ្លះ​ និយាយ​ឲ្យ​តែ​រួច​ពី​មាត់​ថា ស្នេហាជាការលះបង់? តើ​ពិត​ការ​លះ​បង់ឬមែន? លះ​បង់​អ្វី? ពេលវេ​លា និង អាយុ​ជីវិត? សម្បតិ្ត​ទ្រព្យ​ធន?… ឬអ្វីផ្សេងទៀត?… ចំណុចនេះ​ ត្រូវបាន​បុគ្គល​មាន​គំនិត​មិន​ល្អ​មួយ​ចំនួន​ យក​មក​ធ្វើ​ជាលេស​ ដើម្បី​កេង​ចំណេញលើនារីភេទ។ នៅថ្ងៃពិសេស ថ្ងៃបុណ្យ​នៃ​សេចក្តី​ស្រឡាញ់ (បុណ្យសង្សារ) ចំពោះមុខ​គូស្នេហ៍របស់ខ្លួន ​ប្រុសខ្លះលួងលោម​ថា ស្នេហា​ជា​ការ​លះ​បង់​ណា​អូន…។ ប្រការនេះ ធ្វើ​ឲ្យ​ស្រ្តី​ខ្មែរ​មិនតិច​ទេ​ ដែល​ត្រូវ​ខាតបង់… គឺបាត់បង់ព្រហ្មចារិនី។

ជាការពិត ស្នេហា​ជាការលះបង់ តែ​ពុំមែន​លះបង់​គ្រប់អ្វីៗ​ដោយ​មិន​បាន​គិត​ពិចារណានោះ​ដែរ។ លះបង់​ក្នុង​ដំណាក់​កាល​ណាមួយ អា​ច​ជា​ពេលវេលា ក្នុង​ការ​ជួប​សំណេះសំណាល​គ្នា លះបង់​ក្នុងការ​ចែករំលែកនូវ​ចំណេះដឹង ការពិភក្សា ឬជាធនធាន​ក្នុងគ្រា​​អាសន្នអន្ធ​ក្រ​ណាមួយ… និយាយ​មួយ​​លែកទៀត បានជា​គេថា ស្នេហា​ជា​ការ​លះ​បង់​នោះ គឺ​ចង់​សំដៅដល់​ ការហ៊ាន​លះបង់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ទៅបុគ្គល​ទីបី (ក្នុង​ករណី​ដែលគេពុំស្រឡាញ់​យើង​វិញ​) សុខ​ចិត្ត​​លះបង់​គេ​ ឲ្យ​គេ​មានសេរីភាព ក្នុងការជ្រើសរើស​គូ​ដំណើរ​ជីវិត​របស់​គេ។ សេចក្តី​ស្រឡាញ់ គឺ​ចង់​ឃើ​ញ​ម​នុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទទួល​បាន​នូវ សេចក្តីសុខ ​សុភមង្គល ទោះបី​ជា​គេមាន​ក្តីសុខ​នឹង​មនុស្ស​​ទី​បី ក៏​យើង​នៅតែ​ស្រឡាញ់​គេជា​និច្ចដែរ ឥត​មាន​ថម​ថយ​ឡើយ… បើ​យើង​ស្រឡាញ់​គេ​ពិត​ប្រាកដ​មែន យើង​គ្មាន​សិទ្ធិ​បៀត​បៀន​គេ​ថែម​ទៀត… បើ​មិន​​ដូច្នេះ​ទេ មាន​ន័យ​ថា យើង​ពុំ​​ស្រឡា​ញ់​គេ​ពិត​ប្រាកដ​នោះទេ…។ សេចក្តីស្នេហា! ជួន​កាល​យើង​ស្រឡាញ់​គេ តែ​គេ​មិន​ស្រឡាញ់​យើង​វិញ ហើយ​ផ្ទុយ​មក​វិញ មាន​ពេល​ខ្លះ​ទៀត គេ​ស្រឡាញ់​យើង​ ប៉ុន្តែ​យើង​ពុំ​ព្រម​ស្រឡាញ់​គេ​វិញ ​ក៏សឹង​​មាន។ ការលើកឡើងមកដ៏គួរឲ្យអស់សំណើចនេះ ក៏គេហៅថា ស្នេហាដែរ […]

ខ្ញុំ​​ចាប់​អារម្មណ៍​ចំពោះ​សំណេរ​របស់​បង​សម្បត្តិថា «មិនទាន់ដឹងចិត្តអ្នកដែលសួរថាតើស្នេហា ជាអ្វី? មានច្រើនគ្នាណាស់នំាគ្នាសួរថាស្នេហាជាអ្វី? ប៉ុន្តែគេគ្រប់គ្នាប្រាកដជាចេះស្នេហា!! ស្នេហា តាមន័យដែលយើងដឹងឮគ្រប់គ្នា គឺការស្រលាញ់់ស្និទ្ធស្នាលស្រលាញ់ស្អិតរមួតនឹងអ្វីមួយឬនរណា ម្នាក់​។ ដូចគេថាស្នេហាមាសប្រាក់ ស្នេហាបង ស្នេហាអូន ស្នេហាប្រទេសជាតិ… អ៊ីចឹង ពាក្យ «ស្នេហា» មិនមែនប្រើសម្រាប់តែចំពោះបុរសស្រ្តី ដែលស្រលាញ់គ្នាជាគូគ្រង ជាគូស្នេហ៍នោះទេ។ ទោះបីយ៉ាងណា ន័យដែលប្រើទូលំទូលាយ គឺស្នេហារវាងប្រុស និងស្រីក្នុងបំណងកាម គុណ និងចំណងរស់នៅជាមួយគ្នាបេះមិនដាច់់ ដែលហៅថាស្នេហាបរិសុទ្ធ។» ប្រកាសក្នុង​ប្លក់​ ខែសីហា ២០១០ «ស្នេហា​កើត​ចេញ​ពី​បេះ​ដូង ឬ​ពីខួរក្បាល»។

Henry Wadsworth Long Fellow បាននិយាយដែរថា៖ នៅពេលដែលស្រឡាញ់ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត មិនគ្រាន់តែនិយាយទេ គេថែមទាំងបញ្ចេញបង្ហាញឲ្យឃើញច្បាស់ទៀតផង។

សេចក្តីស្រឡាញ់ ជា​ការ​បូ​ជា​ លះ​បង់​ឱ្យ​មនុស្ស​ ដែល​យើង​ស្រឡាញ់​មាន​ការ​រីក​ចម្រើន​​លូត​លាស់​… ហើយ​បើ​ទី​បំផុត ​គេ​ទៅ​មាន​អ្នក​ថ្មី​ទៀត​ ដែល​ល្អ​ជា​ង​យើង​ យើង​មិន​ត្រូវ​ទោមនស្ស​ កើត​ទុក្ខ​ឈឺ​​​ចាប់​នោះ​ទេ។ បើ​យើង​កើត​ទុក្ខ​ឈឺ​ចាប់​ ហើយ​ទៅ​ឈ្នា​នីស​​បៀត​បៀន​​គេ នោះ​មាន​ន័យ​ថា​ យើង​មិន​ស្រ​ឡាញ់​គេ​ដោយ​ស្មោះ​ទេ។ វា​ពុំ​មែន​ជា​ស្នេហា​ពិត​នោះ​ទេ។ យើង​មិន​ចាំ​បាច់​កើត​ទុក្ខ​ខ្វល់​ខ្វាយ​រីង​រៃ​ឡើយ​ ព្រោះ​យើង​បាន​បំពេញ​ធ្វើ​នូវ​អ្វី​ៗ ​ដែល​យើង​ត្រូវ​ធ្វើរួច​រាល់​ហើយ ដើម្បី​មនុស្ស​ដែល​យើងស្រឡាញ់​នោះ…

«កូលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ» ស្ទើរតែមិនមាននរណាម្នាក់មិនចាំពាក្យ​ទំនឹម​​ទំនៀម​​នេះឡើយ រហូតដល់មានអ្នកខ្លះក្រឡៃជា «កូលាបតែងមានបន្លា ការសិក្សា​តែង​មាន​ឧប​សគ្គ»​ ទៀតផង។

យើង​បាន​យល់​យ៉ាង​ច្បាស់ហើយ​​ថា កូលាប​តែ​ង​មាន​បន្លា… ហេតុនេះ ​បើ​យើង​ស្រឡាញ់​ផ្កា​កូលាប​​ យើង​ត្រូវ​តែ​ហ៊ាន​ទទួល​យក​​នូវ​បន្លា​របស់​កូលាប​នោះ​។ យើង​បង្កើត​សេចក្តី​ស្នេហា​មក ក៏​យើង​​ត្រូវ​​តែ​​ហ៊ាន​ទទួល​យក​នូវ​សេចក្តី​​សប្បាយ​រីករាយ​ពេល​ជួប​ជុំ និងទទួល​យក​ការ​​ឈឺចាប់​នៅ​ពេល​បែក​បាក់​​ព្រាត់​ប្រាស់​គ្នា​ផង​ដែរ ។

ការស្រឡាញ់ងប់ងល់របស់​អ្នកមានស្នេហាទាំងឡាយ តែងតែត្រាំខ្លួន​ក្នុង​ក្លិនក្រអូប និងរស​ផ្អែម​​ល្ហែម​​ពោរ​ពេញ​​ទៅដោយ​សភាព​អណ្តែតអណ្តូង។ ទោះ​ជា​ស្រឡាញ់​ងប់ងល់​យ៉ាង​ណាក៏ដោយ ក៏​ត្រូវ​​ពិចារណា​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ។ មិនត្រូវឲ្យមនោសញ្ចេតនា នៃ​បេះដូង​បោកបញ្ឆោត​ វិចារណ​ញ្ញាណ​​នោះ​ឡើយ​។

មនុស្សមានជីវិតរស់នៅរហូតមកដល់ពេលនេះ មិនមាននរណាម្នាក់ ដែលមិនមានបាន​សាង​នូវ​​កំហុស​នោះទេ មិនថាដោយចេតនា ឬអចេតនាក្តី បើមិនច្រើនក៏តិចដែរ ដាច់ខាត់​មានជានិច្ច ក្នុង​ផ្នែក​ណា​មួយ​មិនខាន។ យើង​ក៏​ដឹង​ផង​ដែរថា កំហុស​ជាផ្នែកមួយ​នៃ​ជីវិត។ បើ​យើង​មិនខុស​ ក៏​មិន​អាច​រក​ត្រូវ​ឃើញ​ផងដែរ។ សូ​ម្បី​តែ​សេចក្តី​ស្រឡាញ់​ពេលខ្លះ ក៏មានកំហុសដែរ! គ្រាន់​តែ​ស្រឡាញ់​ក៏​មាន​​ខុសដែរ!…

ប្រការនេះ យើងអាច​និយាយជាគតិបានថា គ្រប់​​អ្វី​ទាំង​អស់​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់​ គឺ​ជា​ទី​ស្រឡាញ់​​របស់​យើង។ អំពើ​ល្អ​របស់​គេ​គួរ​ឱ្យ​កោត​សរសើរ​ និង គោរព​ស្រឡាញ់ រី​ឯ​អំពើ​អាក្រក់ កំហុស​របស់គេ​វិញ​នោះ គឺ​គួរ​ឱ្យ​អាណិត​អាសូរ ព្រមទាំង​​​ចង់​ជួយ​កែ​ប្រែ។ ចិត្តវិទូ​បូព៌ាប្រទេសម្នាក់បាន​សន្និដ្ឋាថា ស្រឡាញ់​នរណា​ម្នាក់​គួរ​តែ​ដឹង​ពី​ប្រការ​​អាក្រក់របស់អ្នកនោះ ហើយស្អប់នរណាម្នាក់​ក៏ត្រូវដឹង​ប្រការល្អ​របស់អ្នកនោះដែរ។

សេចក្តីស្រឡាញ់ មិន​ទាម​ទារ​នូវ​ការ​តប​ស្នង​អ្វី​មក​វិញ​នោះ​ទេ។ ជា​ការ​ពិត យើង​ស្រឡាញ់​នរណា​ម្នាក់​ មិន​សង្ឃឹម​រំពឹង​ថា ចង់​បាន​អ្វី​ពី​គេ​មក​វិ​ញ ឬ​ចង់​ផ្តល់​អ្វី​ឱ្យ​គេ​ នោះក៏​ទេដែរ គឺ​ចង់​មាន​ន័យ​​សេចក្តីថា បន្ទាប់​ពីយើង​ទាំងពីរ​នាក់​ជួប​ជុំ​គ្នា អ្វី​ៗ​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ។​ ចំណុច​ទន់​ខ្សោយ​កង្វះ​​ខាត​ទាំង​ឡាយ​​​នឹង​ត្រូវ​បាន​កែ​ប្រែ​ និង បំពេញ​បន្ថែម​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង ។

លើ​ស​ពី​នេះ​ មាន​ពេល​ខ្លះ​ សេច​ក្តី​ស្នេហា កើត​​ចេញ​ ពី​មិត្ត​ភាព​ដ៏​ជ្រាល​ជ្រៅ​ផង​ដែរ ។ មិត្ត​ភាព​បាន​បង្កប់​នូវ​កូនពន្លក​​សេ្នហា​យ៉ាង​សម្គម​​មួយ​ដែល​អាច​នឹង​ ឈាន​ដល់ដំណាក់​កាល​​បង្កើត​បាន​ជា​ស្នេហា​យ៉ាង​កក់​ក្តៅ ។

ត្រង់នេះ​ខ្ញុំ​យល់​ស្រប តាម​ការស្រាវជ្រាវរបស់លោក​​សម្បត្តិ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ប្លក់​របស់​លោក​ត្រង់ «ការស្ទង់់មតិមួយអំពីន័យថាស្នេហា»​។​ គាត់បានសរសេរថា៖ «…មិត្តភាពមិនមែនស្នេហា ហើយស្នេហាមិនមែនមិត្តភាព។ មិត្តភាព គឺទាមទារការស្រលាញ់់គ្នាទៅវិញទៅមក។ រីឯស្នេហាមិន អ៊ីចឹងទេ… សេចក្ដីស្នេហាចំពោះនរណាម្នាក់់ ទោះជាមិនបានទទួលនូវសេចក្ដីស្នេហាតបវិញ ក៏គេនៅ តែអាចស្នេហា បានដែរ ។…» ([1])

អ៊ីចឹង មាន​ន័យថា ខ្ញុំ​ស្រឡាញ់​រាជិនី​នោះ ជា​ស្នេហា​ ហើយ​មែន​ទេ…? ប្រហែល​ហើយ​មើល​ទៅ​…

យើងឃើញថា មានមតិ​ច្រើន​ដែល​បាន​ចូលរួម​យ៉ាងសកម្មក្នុង​ការលើកឡើងពីស្នេហានេះ។ ជា​​ចុង​ក្រោយ​ យើងសូម​ចូលរួម​បន្តិច​ផងដែរថា ចំពោះស្នេហា​ជារឿងដែលមិនអាច​ខ្លះបានក្នុងជីវិត ជាផ្នែកមួយ​សំខាន់​សម្រាប់​ជីវិត តែក៏គាប្បី​ប្រព្រឹត្ត​ទៅ​ឲ្យ​បានសមស្រប​តាម​កាលៈទេសៈផងដែរ។ លើស​ពីនេះ មុន​នឹង​ក្រលាស់អណ្តាត​សារភាព​សេចក្តី​​ស្នេហា​ចំពោះ​នរណាម្នាក់ ត្រូវ​ពិចារណា​ឲ្យ​បាន​គ្រប់​​ជ្រុង​ជ្រោយ​ជា​មុន។ ដូចសម្តី​របស់ទស្សនវិទូ និងគណិតវិទូ Descartes បាន​មាន​ប្រសាសន៍​ថា «ត្រូវ​បង្វិល​អណ្តាត​៧​ជុំ​សិន សឹម​និយាយ»។ ពាក្យទូន្មានពិតជាត្រឹមត្រូវ មិនថា ក្នុង​ការ​និយាយ​កិច្ច​ការ​ទូទៅ ឬសន្ទនា​ក្នុង​កិច្ច​ស្នេហានោះទេ។ មុន​ធ្វើ មុន​និយាយ​អ្វីក៏ដោយ ក៏​ត្រូវ​គិត​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមុន នេះជាប្រ​ការ​ចាំបាច់! […]

ទោះ​បី​ជា​អត្ថបទ​ទាំង​នេះ មាន​ទស្សនៈ​យល់​ឃើញ​ប្លែក​ៗ​យ៉ាងណា​ក៏​ដោយ ក៏​ខ្ញុំបាន​ពិចារណា​រួចហើយថា «ខ្ញុំមិនអាចស្ថិតក្នុង អន្លង់ រណ្តៅ ទុក្ខព្រួយ ដូច្នេះ រហូត នោះទេ ! «ជីវិត មនុស្ស ខ្លី ណាស់ តើ​អ្នក​មាន ពេលវេលាឯណា ទៅស្រឡាញ់មនុស្ស ដែលមិន ស្រឡាញ់ អ្នក នោះ?» «សេច​ក្តី ស្នេហា គឺជា ការ លះ បង់ » កន្លងមក ខ្ញុំបាន លះបង់ ពេល វេលា និង អាយុជីវិត របស់ ខ្ញុំ ចំពោះ នាង តែ​ពេល​នេះ ខ្ញុំ​ត្រូវ ហ៊ានលះបង់ នាង ដើម្បី សេចក្តីសុខ របស់ នាង។ សេចក្តីស្រឡាញ់ គឺចង់ ឱ្យ មនុស្ស ដែល ខ្លួន​ស្រឡាញ់​​បាន​សេចក្តី​សុខ ទោះបី ជាគេ មិនបាន នៅរួមរស់ ជា​មួយ​រូប យើង ក៏ ដោយ ក៏យើងនៅតែ ស្រឡាញ់​គេ…»

ខ្ញុំ​គិត​រួចស្រេចបាច់ហើយថា ខ្ញុំត្រូវ​តែព្យាយាម​កាត់ចិត្តបំភ្លេចរាជិនី​…

ពេលនេះ ខ្ញុំបានចាប់​ផ្តើម​ស្រាយទុក្ខព្រួយរួចបន្តិចម្តងៗ​… ខ្ញុំចាប់​ផ្តើម​ញញឹម​សាជាថ្មី… ទ្រូង​របស់​ខ្ញុំ​​បែរ​ជា​ស្រាល​ ដូច​​ជា​ដក​​បន្លា​ចេញ​ពីដើមទ្រូង។ ខ្ញុំសើច​ញញឹម​សាជាថ្មី​ម្តង​ទៀត… សើច​នឹង​ទង្វើ​ឆ្កួត​វង្វេង​របស់​ខ្លួន​កន្លង​​មក… ខ្ញុំរៀប​ចំ​ស្លៀកពាក់​យ៉ាង​សមរម្យ ​ហើយ​ទាញកង់​សំដៅ​ទៅ​ផ្ទះ​របស់​រតនៈ ទាំង​អារម្មណ៍​អន្ទះសា​ចង់​​សារភាព​កំហុស​ចំពោះ​រតនៈ។

ពេលមកដល់ខ្ញុំឃើញ រតនៈកំពុងស្រោចផ្កា ក៏ដើរលបៗពីក្រោយកុំឱ្យគេដឹងខ្លួន ហើយ​និយាយ​៖

«អេ… រតនៈនៅស្រោចផ្កាទៀតហ្អា?…»

«អូស! ជីវិនទេ! ថ្ងៃនេះ​ ដូចជាប្លែក​ដល់ហើយ មកលេង​គ្នាដល់​ផ្ទះ​តែម្តង! ខ្យល់បក​ពីខាង​ណា​ហ្នឹង​?​» រតនៈ​និយាយ​ដោយ​រំភើប​ចិត្ត។

ខ្ញុំចាក់សម្តីទប់វិញភ្លាម «ខ្យល់បក់មកតែពីខាងខ្យល់បក់ហ្នឹងណា មាន​ខាងណាទៀតអ្ហ៎!»

«ហាស ហា​…» យើងសើចព្រមគ្នា។

«ឯងដឹងថ្ងៃ​នេះ ជាថ្ងៃពិសេស​ណា! ថ្ងៃទី​ពីរ ខែពីរ បន្តិចទៀត​ម៉ោងពីររសៀល​ហើយ! គួរតែ​ទៅ​រក​ទិញ​​សៀវ​ភៅ​ សម្រាប់​ថ្ងៃពិសេស​ណា!» ខ្ញុំនិយាយកាត់ផ្ទាំងសំណើច។

«គ្នាទន្ទឹង​រង់ចាំ​ឯងយូរថ្ងៃមកហើយ! គ្នាខ្លាចមិនហ៊ាន​ទៅរក​ឯងដល់ផ្ទះឯងទេ តាំងតែពីថ្ងៃ ​ដែល​ឯង​ដើរ​ចេញ​ពី​គ្នា​ថ្ងៃ​នោះ​ម្ល៉េះ​! គ្នាខ្លាចក្រែងឯងប្រកាន់ខឹងនឹងគ្នារឿងអ្វីមួយ…»

«ឱ្យគ្នាសូមទោស​ឯងចុះ​ណាសម្លាញ់ កំហុស​ទាំង​ប៉ុន្មាន​ គឺ​មក​ពី​គ្នាទាំងអស់… គ្នានឹង​និយាយ​ប្រាប់​​​ឯង តែ​មិន​មែន​​ពេល​នេះ​ទេ!​ ចាំថ្ងៃណាមួយឯង​នឹង​ដឹង!​ គ្នានឹងសរសេររឿង​នោះទុក» រតនៈ​ចងចិញ្ចើម​ដោយ​ឆ្ងល់។ «កុំបាច់ឆ្ងល់​ច្រើន​អីសម្លាញ់! គ្រាន់តែ​ដឹងថា គ្នាជាអ្នកខុស​ទៅ​បាន​ហើយ! រឿង​កន្លងមក គ្នា​សូម​ទោស​ឯងផង  ចំពោះ​អាកប្ប​កិរិយា ឆ្គាំឆ្គង​អស់​ទាំងពាក្យ​សម្តី​ និងកាយវិការ​ណាមួយ​មិន​សមរម្យ​ទៅ​លើ​ឯង​​ដោយ​ប្រការ​ណាមួយ។ សូមឯងអភ័យ​ទោស​ឱ្យគ្នាផង! គ្នា​សន្យា​ថា ​ពេល​ដែល​គ្នា​សរសេររឿង​នោះ​ចប់ គ្នា​ឱ្យ​ឯង​អាន​មុនគេ។ គ្នាដាក់​ចំណងជើងថា…» ខ្ញុំគិតមួយសន្ទុះ «តែ​មិន​ទាន់​ប្រាប់​ឯង​ទេ! ហាស​ហា! តោះ​យើងទៅរកទិញសៀវភៅ​ថ្ងៃ​ហើយ ប្រយ័ត្ន​ហួស​ម៉ោង​ពីរ!»

«ចំមែនឯង​នេះ… ខំតែ​ចាំស្តាប់​!… ទៅក៏ទៅ! គ្នាទៅ​ប្តូរ​ខោអាវ​សិន​…» ថាហើយ​រតនៈ​រត់​ឡើង​លើ​ផ្ទះ។

ស្លៀកពាក់​រួចរាល់ហើយ រតនៈអូសកង់​កញ្ចាស់​ ដែល​យើង​ធ្លាប់​ជិះ​ជាមួយ​មក។ ខ្ញុំក៏សួរ៖

«ម៉េចឯង​មិនជិះ​ម៉ូតូ?»

«ជិះកង់​សប្បាយចិត្តជាង! ម្យ៉ាង​បើម្នាក់ជិះកង់​ម្នាក់​ជិះ​ម៉ូតូមិន​កើតទេ ហើយ​បើ​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​ មិន​សប្បាយ​​ទេ! ជិះកង់​ម្នាក់​មួយដូច្នេះ ល្អជាង​ ព្រោះយើង​ខាន​និយាយ​​នឹងគ្នា​យូរ​ហើយ!»

«ល្អ​! អ៊ីចឹងតោះ! កុំឱ្យ​អស់សាំង និងចំណេញ​សុខភាព​ផង! ជិះកង់​អាចជួយ​កាត់​បន្ថយ​ការ​ឡើង​កម្តៅ​ផែន​ដី​ទៀត!»

«អូហូ! បានសម្តីផងណ៎! បែកគ្នាយូរ! តោះ…»

ពួកយើងទាំងពីរ​បានវិលមកភាព​ជិតស្និទ្ធគ្នាសាឡើង​វិញ បន្ទាប់​ពី​មានការប្រេះឆា​កន្លង​មក។

យើងបានទិញសៀវភៅជាច្រើន​ បន្ទាប់មកយើងនាំគ្នាអង្គុយនៅ​សួនច្បារវត្តបទុម​វតី ព្រម​ទាំង​បណ្តើរ​កង់​​កាត់​វិមានឯករាជ្យ ដើរមើល​ទេសភាព និងអានសៀវភៅដែល​ទើប​នឹងបានទិញ។ យើង​និយាយ​ជជែក​រៀប​រាប់​​ជា​ច្រើន​​ពី​អារម្មណ៍ ពីអក្សរសិល្ប៍ វិបត្តិគ្រួសារ… ​រហូត​ដល់​ម៉ោង​ដប់​ប្រាំពីរ​ល្ងាច​ ទើប​ត្រឡប់​​មក​ផ្ទះ​រៀងៗខ្លួន។

ខ្ញុំបានទិញសៀវភៅ​ប្រលោម​ជាច្រើន​ក្បាល ព្រមទាំងសិក្សាកថាមួយចំនួនទៀត។ មាន​ប្រលោម​លោក​​មួយ​ដែល​ត្រូវនឹង​ស្ថានភាពផ្លូវចិត្ត​របស់ខ្ញុំ​ គឺរឿង«លះស្នេហ៍បែរសិក្សា»។ ខ្ញុំបាន​អាន​រហូត​ដល់​យប់​​រំលង​អធ្រាត្រ​​ទើបចប់ ហើយ​ចាប់​ផ្តើម​សរសេររឿងមួយដែរ។

ដល់ថ្ងៃ១៣កុម្ភៈ ខ្ញុំបាន​យក​សំណៅ​រឿង​ឱ្យ​រតនៈ​អានមុន​គេ តាមការសន្យា។ ស្អែកឡើង ថ្ងៃ​១៤​កុម្ភៈ យុវជន​ប្រុស​ស្រី ​ដែល​​កំពុងឈ្លក់វង្វេង​នឹងសេរីភាពយ៉ាងដាច់​បង្ហៀរ​បាន​ជិះ​ម៉ូតូ​ រថយន្ត​ទំនើប​ៗឆ្វែល​ចុះឆ្វែល​ឡើង​យ៉ាង​សប្បាយ​​រីករាយ​ ហាក់បី​ដូច​ជា​​មិន​ចង់ឱ្យ​ថ្ងៃពិសេស​នេះ​រំលង​ផុតទៅ​ មិន​ចង់ឱ្យ​យុវភាព​របស់​ពួកគេ រសាត់បាត់​ទៅ​ដោយ​មិនបាន​ក្រេប​រសសោភណភាព​នៃ​សម្ភារ​និយម​​។ ដូច​ឆ្នាំមុនដែរ រតនៈនិងខ្ញុំនាំគ្នា​ទៅរកទិញ​សៀវភៅ​សម្រាប់​ថ្ងៃដ៏​ពិសេស​​នេះ។ យើង​ចូល​បណ្ណាគារ​ដដែល​ដូច​ឆ្នាំមុន… ហើយក៏បាន​ជួបរាជិនី ​និង​ពិសី​កំពុង​​រក​សៀវភៅនៅថត​ខាង​លើ​ ដែល​​ពួកនាង​ឈោង​យក​មិនដល់។

«សួស្តីកញ្ញាទាំងពីរ​ ទុកឱ្យ​ខ្ញុំជួយ…» ខ្ញុំនិយាយឡើង។

«អ៎! ជីវិន និងរតនៈទេ!» រាជិនីបន្លឺបែប​ភ្ញាក់ផ្អើល។

«ឆ្នាំនេះ ប្លែកណាស់​មាន​ពិសី​មកដែរ!» រតនៈពោលតិចៗទៅពិសី។

នាងតបទាំងស្នាមញញឹម ព្រមទាំងមើលមុខទៅរាជិនី​ «កុំតែ​បានរាជិនីនាំមក​ទេ កុំ​អី​គ្មាន​បាន​មក​ជួប​ជី​វិន និង​រតនៈ​ឯង​ទេ… គួរ​តែ​អរគុណ​មិត្ត​ភក្តិ​ដ៏​ល្អ​ម្នាក់​នេះ​​ទើបត្រូវ!» នាង​និយាយ​បែប​ចំអកគួរ​ឲ្យ​ខ្នាញ់។

«មិនមាន​គុណស្រ័យអីទេ!» រាជិនី​ចង្អុលមក​ខ្ញុំ «អេ៎! ជីវិន​ថា ជួយយក​សៀវភៅឱ្យហ៎!» នាងនិយាយ​រំញែក​ ដូច​កូន​ក្មេង​គួរ​ឱ្យស្រឡាញ់។

«ឡើយតែ​និយាយ​ប៊ិះភ្លេច! ចាំមួយភ្លែត​រាជិនី! ខ្ញុំ​យក​ឱ្យ…» ខ្ញុំក៏ឈោង​ជំទើត​ដក​យក​ប្រលោម​លោក​«ស្រមោស​ស្នេហ៍» ដែល​នាង​​ចង្អុល​ប្រាប់​នោះ។ «នេះ! ពិសី! រាជិនី!»

«ចាស៎! ចាស៎អរគុណ!»

«មិនអីទេ! ពួកយើងទៅរកសៀវភៅរបស់​យើងហើយណាស់ តោះរតនៈ»

«អញ្ជើញលោក!»

រាជិនី​​និយាយរាងលេងសើចផង ជួយ​ស្នាម​ញញឹមនៃ​មិត្តភាព​​យ៉ាង​កក់ក្តៅ​។

ខ្ញុំញញឹមតប តែមិនស្តី​អ្វី​​ទេ​ ព្រោះ​សម្តី​របស់​នាង​ពេលនេះ​ លែង​ចាក់​ដួង​ចិត្ត​របស់ខ្ញុំ​ទៀតហើយ! យើងជា​មិត្ត​ល្អ​នឹង​គ្នា​តែ​ប៉ុណ្ណោះ ខ្ញុំកាត់​ចិត្តរួច​រាល់ជ្រះស្រលះ​ហើយ​ គ្មានមន្ទិល​សៅ​ហ្មង​ចំពោះ​រឿង​ស្នេហា​សម្ងាត់​ក្នុង​ប្រអប់​ចិត្ត​ជា​មួយ​ នាង​ទៀត​​ទេ។ បេះដូង​របស់ខ្ញុំ​បាន​ឆ្លើយ​ថា នាង​ជាមិត្ត​នារីដ៏ល្អ ឆ្លាតឈ្លាសវៃ ខ្លាំងពូកែ ក្លាហាន សុភាព ​ចេះ​ជួយ​ចែក​រំលែក​ ចរិយាមារយាទរម្យទម សាក​សម​ជានារី​​ខ្មែរដ៏ល្អប្រពៃ។ នាង​​នឹង​​ក្លាយ​ជា ឧត្តមភរិយា​ដ៏ល្អរបស់​លោក​វាសនា ដុក​ទ័រ​នៅ​បារាំង​នោះ ហើយជាមាតា​ដ៏ល្អ​ ប្រកប​​ដោយ​ព្រហ្ម​វិហារ​ធម៌ ​សម្រាប់​កូនរបស់​នាង​ពេលអនាគត។

ខ្ញុំបាន​ស្វែង​រក​សៀវភៅ​«លះស្នេហ៍បែរសិក្សា» របស់​លោកជិន-មាស ហើយទិញ​​ជូនរាជិនី។ ខ្ញុំបាន​សរសេរ​នៅ​ទំព័រដំបូង«១៤ កុម្ភៈ ២០០៩ ជូនរាជិនី ពីមិត្ត រួមថ្នាក់ ជីវិន»

ចំពោះសំណៅរឿង​ ដែល​ខ្ញុំ​សរសេរនោះ ខ្ញុំបានរៀប​ចំ​ជាសៀរភៅ​យ៉ាងស្អាត មាន​ចំណង​ជើងថា «តំណែង ស្នេហ៍ រាជិនី»។ ខ្ញុំ​ក៏បាន​ចារ​នៅ​ទំព័រទីមួយផងដែរថា«ជូន មិត្តរាជិនី សូមឱ្យ មិត្ត​ភាព​របស់​យើង ទាំងពីរ​ស្ថិត ស្ថេរ ជា និរន្តរ៍ ពី​ជីវិន»

រីឯពិសី​វិញ ខ្ញុំជូនរឿង​«ស្តាយ»។ ខ្ញុំសរសេរ​ក្រោម​អារម្ភក​ថា​អ្នក​និពន្ធ «ជូន ចំពោះ​ពិសី សម្រាប់​​ទុក​ជា​​អនុ​ស្សាវ​រី​យ៍ ថ្ងៃបុណ្យ នៃសេចក្តីស្រឡាញ់នេះ ពីយុវ មិត្ត ជីវិន»។ រាជិនីក៏​ទិញ​សៀវភៅ​ជូន​​ពួកយើង​វិញ​ដែរ​ គឺ​រឿង​«ជើង​មេឃថ្មី» «ម្តាយក្មេកទំនើប» «ស្រមោលស្នេហ៍» និពន្ធ​ដោយ​លោក​ស្រី ប៉ិច-សង្វាវ៉ាន «ក្រោម មេឃ ពណ៌ ខៀវ នៃ​ទីក្រុងតូក្យូ» និពន្ធ​ដោយ​លោក​ស្រី ​ប៉ែន-សេដ្ឋារិន និង «ក្រលេក មើល ភ្លើង ឆេះ ស្រុក ខ្មែរពី ត្រើយ ម្ខាង» ដោយលោក ជៀបគីម​ហ៊ាង ។ នាងសរសេរ​នៅ​ទំព័រមុខថា «ជូនមិត្តទាំងបី ពិសី ជីវិន រតនៈ ទុក ជា អនុស្សាវរីយ៍ ពីមិត្តនារី រាជិនី ១៤ កុម្ភៈ ២០០៩ ហត្ថ​លេខា រាជិនី» នាង​ក៏​បាន​ផ្តាំ​​តាម​ពិសី​ផងដែរថា  ត្រូវ​ចែកគ្នាអាន​ម្តង​ម្នាក់​​ ។

បន្ទាប់​ពី​ជូន​សៀវភៅគ្នារួច​ហើយ​យើង​ក៏បែកគ្នា​។ រតនៈនិង​ខ្ញុំ​នៅតែ​បន្ត​ដើររក​ឯកសារ​ប​ន្ត​ទៅ​ទៀត​ ហើយ​​យើង​ទិញ​ទឹក​អំពៅម្នាក់មួយថង់​ជិះកង់​តម្រង់​មុខវាំង​ ដើម្បី​អង្គុយ​លំហែ​​កម្សាន្ត​អារម្មណ៍​ បន្ទាប់​​​មក​យើង​​បណ្តើរកង់​និយាយ​គ្នារហូតកាត់​មុខ​វត្តបទុមវតី វិមានឯករាជ្យ​… យើង​ឈប់​កង់​និយាយ​​គ្នា​លេង​ និង​អាន​សៀវ​ភៅ ស្រូបយក​ខ្យល់អាកាស ព្រមទាំងមើល​យុវជន​ប្រុស​ស្រី​ ស្លៀកពាក់​ ឡូយ​​ឆាយ​ ជិះម៉ូតូ​បណ្តើរគ្នា​ នា​ថ្ងៃ​​ពិសេស​សម្រាប់​ពួក​គេ។

ក្រោយពីបាន​អានរឿង«តំណែងស្នេហ៍រាជិនី» របស់ខ្ញុំរួចម ​ក​ មិត្តទាំងបី​បាន​ដឹង​ថា ​ខ្ញុំ​លួច​​ស្រឡាញ់រាជិនី តែ​ខ្ញុំ​ក៏​បាន​ត្រៀមចិត្តទទួលការពិត​រួចហើយដែរ។ ពួកគេ​មិនខឹង​ប្រកាន់​នឹងខ្ញុំ ថែម​​ទាំងអាណិត​រូបខ្ញុំ​ថែម​ទៀត​។ នេះ​គ្រាន់​តែ​ជា​អារម្មណ៍​​ស្រមើ​ស្រមៃ​នាវ័យ​យុវ​ភាពតែ​ប៉ុណ្ណោះ​​។ យើង​នៅ​តែ​រាប់​អាន​គ្នា​ដូច​ពីមុនអ៊ីចឹង គ្មានផ្លាស់ប្តូរ​ឡើយ។ យើង​​បាន​សច្ចា​ថា នៅ​ពេល​នរណាម្នាក់​មាន​ទុក្ខ យើង​ទាំងបួននឹងជួយគ្នាទៅ​វិញទៅមក។ យើង​ខំ​ប្រឹងរៀន​ទាំង​អស់​​​គ្នា​ ដើម្បី​ប្រឡង​​យក​សញ្ញា​បត្រ​​មធ្យម​សិក្សា​ទុតិយ​ភូមិ ​នាពេលខាងមុខ​ឱ្យបាន​និទ្ទេសល្អ។

ថ្ងៃប្រឡងបានរំកិលខ្លួនចូលមកដល់ យើងរាល់គ្នា​លីស្លាបប៉ាកកាចូលប្រយុទ្ធក្នុងសមរ​ភូមិ​​សិក្សា​​​នេះ ដោយ​​គ្មាន​ខ្លាចរអែង ព្រោះយើងបានត្រៀម​លក្ខណៈរួចរាល់ស្រចហើយ។ ពួក​យើង​បាន​រៀន​​ស្វ័យ​សិក្សា​​ជាក្រុម​រាល់​ថ្ងៃ​នៅ​ផ្ទះ​រាជិនី។ ដូច្នេះ​ ចំពោះ​លទ្ធផល​ប្រឡង​ គ្មាន​អ្វីត្រូវ​ព្រួយ​បារម្ភ​នោះ​ទេ។

ថ្ងៃ​ប្រកាស​លទ្ធផលបាន​មក​ដល់​ពិសី​​បាន​និទ្ទេស.សេ ឯរតនៈ រាជិនី​ និង ខ្ញុំ​បាន​និទ្ទេស​.បេ​ដូច​គ្នា​។ យើង​បាន​ធ្វើ​ពីធីជប់លៀង​តូចមួយ​ ដើម្បី​​អបអរការទទួលបានជោគជ័យ​នេះ។

ចំពោះ​មហាវិទ្យាល័យ​សម្រាប់​បន្តការ​សិក្សា​ ​ត្រូវ​​​បាន​ពិសីជ្រើសរើសរៀន​មុខវិជ្ជាគណនេយ្យ​ តាម​ចំណង់​ចំណូល​​ចិត្ត​របស់​នាង។ នាងបង់​ហា​សិប​ភាគ​រយ។ ចំណែក​​រាជិនីរៀន​ច្បាប់ការ​ទូត​ ព្រោះ​នាង​ស្រឡាញ់​តាំង​តែ​ពី​តូច​មក​ម្ល៉េះ និង​នាងមាន​ទេព​កោសល្យ​ពូកែ​​និយាយ​ ក្លាហាន ណាមួយ​ឪពុក​ម្តាយ​របស់នាងសុទ្ធតែ​ធ្វើការ​នៅ​ស្ថាន​ទូត​បារាំង​​ផង។ ដោយ​ឡែករតនៈវិញរៀនសេដ្ឋកិច្ច​។

ខ្ញុំ​រៀនផ្នែក​ទេសចរណ៍ ព្រោះខ្ញុំ​ស្រឡាញ់​​មុខវិជ្ជានេះណាស់។ ខ្ញុំចង់​និយាយ​ប្រាប់​បរទេស​ឱ្យ​បាន​ដឹង​ពី​ប្រវតិ្ត​អង្គរ ប្រាសាទខ្មែរ  ព្រំ​ប្រទល់​​ដែនដីសី​មា​របស់ប្រទេសខ្មែរយើង ពីក្បាច់រចនាដ៏​ល្អ​វិចិត្រ​​នៃ​​រចនា​បថ​ក្បាច់​ខ្មែរ… ហើយ​ខ្ញុំ​ចង់​ឃើញវិស័យ​ទេស​​ចរណ៍ ​នៅ​ស្រុក​យើងមានការ​អភិវឌ្ឈ​ជឿន​លឿន​​ទៅមុខ ព្រោះ​វិស័យ​​​ទេសចរណ៍ជា​ឧស្សាហ​កម្ម​​គ្មាន​ផ្សែង​។ គិតទៅល្អគួរដែរ! ពួកយើង​សុទ្ធ​តែ​បាន​អាហារូប​ករណ៍​គ្រប់​គ្នា គ្រាន់តែ​ពិសី​ត្រូវបង់​ពាក់​កណ្តាល​តែ​ប៉ុណ្ណោះ។

រាជិនី សម្រេចចិត្ត​ពន្យារពេលរៀប​ការ។ នាងគិត​ថាចាំ​រៀនចប់មានការងារធ្វើ មាន​ប្រាក់​ខែ​ត្រឹម​ត្រូវ​សិន ព្រោះ​មិន​ចង់​រស់នៅ​ពឹង​លើ​ប្តី​ទាំងស្រុងនោះឡើយ។ ឪពុកម្តាយ និង​គូដណ្តឹង​របស់នាងក៏​យល់​​ព្រម​នឹង​គំនិត​នាង​​ដែរ។

ពេលវេលា​មិនរង់ចាំយើងទេ រយៈពេលបួនឆ្នាំនៃ​ការសិក្សា​បរិញ្ញាបត្ររបស់យើងត្រូវបាន​បញ្ចប់​។ ពួក​យើង​​មាន​ការងារ​ធ្វើ​តាំង​ពីឆ្នាំទីពីរ ទីបីម្ល៉េះ! សំណាងល្អជាងគេ​គឺពិសីនាង​បាន​ការ​ងារ​តាំង​ពីឆ្នាំ​ទី​​មួយ ដោយ​សារ​នាង​មាន​ចំណង​ទាក់​ទងល្អជាមួយនឹង​ប្រធាន​អង្គការមិន​មែន​ រដ្ឋាភិបាលមួយ​កន្លែង​។​ នាង​ស្រឡាញ់​ក្មេងកំព្រា ហើយ​នាង​ក៏​ត្រូវ​បាន​​គេអញ្ជើញ​ទៅធ្វើ​ការ​​ជាជំនួយ​ការ​គណ​នេយ្យករ​ ប្រចាំ​​សាខា​ធំរបស់​អង្គកា​រនោះ​នៅ​ភ្នំពេញ។ ក្រុមយើងសុទ្ធ​តែ​មាន​​ជំហររឹង​មាំ​រៀង​ៗ​ខ្លួន។

យប់​ថ្ងៃ​ចេះ​តែ​រំលង ផ្លាស់​វេន​គ្នា… ថ្ងៃចូលរោង​ការ​​របស់​រាជិនីកាន់តែ​ខិត​ជិត​មក​ដល់​ទៅ​ហើយ​។  មិត្ត​ទាំងបី​នាក់​​ពិគ្រោះ​គ្នា​នឹង​រៀប​ចំវត្ថុ​អនុស្សាវរីយ៍​មួយ សម្រាប់​ជា​ចំណង​មិត្ត​ភាព​​ចំពោះ​រាជិនី​ មិត្ត​នារី​ដ៏ល្អរបស់យើង​។ ពិសី​ស្នើឱ្យ​ខ្ញុំ៖

«ជីវិនគួរតែរៀបចំ​កែសម្រួល​រឿង«តំណែងស្នេហ៍រាជិនី» របស់ជីវិនឯងនោះ ដើម្បី​បោះ​ពុម្ព​ជូន​ពរ​​ថ្ងៃ​អាពាហ៍​ពិពាហ៍​​របស់អានី ​។ ល្អ​ទេ​ជីវិន? ចុះរតនៈយល់យ៉ាងម៉េចដែរ?»

រតនៈមានខ្លួនក៏តប «ខ្ញុំយល់ស្របនឹងយោបល់របស់​ពិសី ​តែខ្ញុំយល់ថា គួរតែ​ជីវិនឯងប្តូរ​ចំណង​​ជើង​​ទៅ​ល្អ​ជាង ព្រោះខ្លាច​ក្រែង​​រង្គៀស​ដល់ចិត្ត និងប៉ះពាល់ដល់អារម្មណ៍​អនាគត​ស្វាមីរបស់​នាងនោះ​ណ៎ា!»

«ម្យ៉ាង​ដែរ!… ល្អណាស់ដែរតើ! សម្រេចអ៊ីចឹងចុះ! គ្នាសូមអរគុណពួកឯងទាំងពីរហើយ ដែលជួយបញ្ចេញ​យោបល់​​ក្នុង​​រឿង​នេះ។ គ្នា​នឹង​កែ​សម្រួល​ពិនិត្យរឿងនោះឡើងវិញ»

ខ្ញុំបាន​ចំណាយ​ពេល​យ៉ាង​រីករាយ សម្រាប់​ពិនិត្យកែ​សម្រួល​សំណៅរឿង​សា​ឡើង​វិញ​។ ខ្ញុំ​បាន​សម្រេច​​ចិត្ត​ប្តូរចំណងជើង​ថា​«ថ្ងៃពិសេសមួយ និងបញ្ចូន​ទៅរោង​ពុម្ព​ ដើម្បី​បោះ​ផ្សាយ ព្រមទាំង​សូម​រក្សា​កម្ម​​សិទ្ធិ​បញ្ញាពី​បណ្ណា​ល័យ​ជាតិ​ទៀត​ផង ។

ថ្ងៃសិរីជ័យមង្គល​របស់រាជិនី និងវាសនា​បានប្រាកដឡើង។ មិត្ត​យើងទាំងបី​បាន​ធ្វើចំណង​ដៃ​ជា​​​វត្ថុ​អនុ​ស្សា​វរីយ៍ ​និង​​សៀវភៅ​យ៉ាង​ស្អាត​ជូនដល់​គូស្វាមីភិរិយាថ្មី។ នាពេល​ពិសា​ភោជនា​ហារ ពិសី​ រតនៈ និង ខ្ញុំ​បាន​ចូល​​រួម​គ្នា​តែង​​កំណាព្យ​ សម្រាប់​ជូន​ពរ​ថ្ងៃ​អាពាហ៍ពិពាហ៍​ដ៏មហោ​ឡារិក​នេះ។ កំណាព្យ​​មានពីរ​អត្ថបទ​ រតនៈ​​ និង​​ពិសី​ជា​អ្នក​ស្មូធ្យ​​ម្នាក់​មួយ ហើយខ្ញុំ​ជាអ្នក​កូត​ទ្រ​កំ​ដរ​ ព្រោះ​ពុក​ខ្ញុំ​ជា​តន្រ្តី​ករ​ភ្លេង​បូរាណខ្មែរស្រាប់ ខ្ញុំ​ចេះកូតទ្រ ល្មម​អាច​ស្តាប់​បាន​។

ជិត​ចុង​​កម្មវិធី រតនៈ​បាន​សុំ​ពិសីឡើងរាំ ខ្ញុំ​សុំ​អនុញ្ញាត​​ពីលោក​វាសនា ​ដើម្បី​​សុំ​វិជ្ជនីឡើងរាំ ចង្វាក់រាំរង់ ហើយ​ពីរ​គូ​យើង​ដូរ​គូ​គ្នា​រាំ​​ចង្វាក់​រាំ​ក្បាច់មួយ​បទ​ទៀត​។ ចុង​ក្រោយ​បទ« ណា ទៅ ឋាន សួគ៌» ដែល​ពោល​ដោយ​អ្នក​នាង ​ហួយមាស និង​បកស្រាយដោយលោក​អធិ​រាជ​​សំឡេង​មាស​ ស៊ិន-ស៊ី សា មុត បាន​បន្លឺ​​ឡើង…

ទិវាអាពាហ៍ពិពាហ៍បានបញ្ចាប់​ទៅដោយ​សេចក្តី​សប្បាយរីករាយ​ជាទីបំផុត​ និង​ដោយ​បាន​បង្កប់​ទុក​នូវ​មនោ​សញ្ចេត​នា​អនុស្សាវរីយ៍យ៉ាងកក់ក្តៅ​ លាក់កប់នៅក្នុង​ប្រអប់ទ្រូង​របស់​យើងគ្រប់​ៗគ្នា ដែល​គ្មាន​ថ្ងៃនឹង​អាច​បំភ្លេច​បាន​។

រតនៈ ​និងពិសី​កំពុង​តែ​ស្វែងយល់​ចិត្តគ្នា​ ព្រម​ទាំង​កសាងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នា។​ ពួក​គេ​គ្រោង​​នឹង​កំណត់​ថ្ងៃរៀប​អាពាហ៍ពិពាហ៍ដែរ នៅដើម​ឆ្នាំក្រោយ បន្ទាប់ពីទិញផ្ទះថ្មី​រួច​៕

២៨ កញ្ញា ២០០៩

បញ្ចេញមតិ